Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការផ្តន្ទាទោស អនិកជនខ្មែរ-អាមេរិកម្នាក់ ដាក់ពន្ធនាគារ១០ខែ រឿងឆបោកលុយពលករខ្មែរអស់លុយរាប់ម៉ឺនដុល្លារ

07-02-2018 11:02

(ភ្នំពេញ)៖ លោក សេង លាង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមផ្តន្ទាទោស បុរសអនិកជនខ្មែរ-អាមេរិក ម្នាក់ឈ្មោះ វ័ន្ត យ៉េនវីលៀម (Vorn Yen Viliam) ភេទប្រុស អាយុ៤៧ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ចំនួន៣លានរៀល ចូលជាថវិការដ្ឋ និងបង្គាប់ឲ្យជន ជាប់ចោទសងសំណង ទៅដើមបណ្តឹងចំនួន៧នាក់ ចន្លោះពី២លានរៀល ទៅ៥,៨០០ដុល្លារដុល្លារ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់របស់តុលាការនោះទេ។ នេះបើយោងតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំនៅតុលាការនៅព្រឹកនេះ។

គួររំលឹកថា ជនជាប់ចោទត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចហាងកាហ្វេ Park Coffee ក្បែរផ្សារសុវណ្ណាតាម ពាក្យបណ្តឹងរបស់ពលរដ្ឋរងគ្រោះជាង១០នាក់ ដែលអះអាងថា បានចាញ់បោកជនជាប់ចោទ ក្នុងម្នាក់ៗ ចន្លោះពី ៣,០០០ដុល្លារ ទៅ ៦,០០០ដុល្លារ ដោយសន្យាថានាំពួកគេទៅធ្វើការ នៅប្រទេសអូស្ត្រាលី៕