(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា គ.ជ.ប ផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ សម្រាប់ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។
បើតាមសេចក្ដីប្រកាសព័ត៌មាន ការឃោសនាបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
គ.ជ.ប បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធពន្យល់ណែនាំ អំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពី ការឃោសនាបោះឆ្នោតរបស់ គ.ជ.ប។
សម្រាប់ព័ត៌មានអំពីលក្ខខណ្ឌដែល គ.ជ.ប កំណត់ជូនគណបក្សនយោបាយ សូមអានសេចក្ដីជូនដំណឹងដែលខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖