(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរសប្តាហ៍មកនោះនៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,១០៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក៏ដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការរោងចក្រ សហគ្រាសនានា បានចំនួន ២៨លើករួចមកហើយ។ ក្នុងនោះមានកម្មករ និយោជិតសរុបជាង ៣២ម៉ឺននាក់ហើយ បានជួបសំណេះសំណាល ដោយផ្ទាល់ជាមួយសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោករដ្ឋមន្ត្រីក្រសួងការងារ ក្រៅពីការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក៏ដូចជាតំណាងកម្មករ និយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបកម្មករ និយោជិតផ្ទាល់ជាង ២ម៉ឺននាក់នៅតាមរោងចក្រចំនួន១០ផងដែរ ហើយក៏បានជួបជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត ៥ពាន់នាក់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបដោយផ្ទាល់របស់សម្តេចជាមួយកម្មករ និយោជិតនេះ មិនមែនជារឿងចៃដន្យឡើយ តែជាការជួបសំណេះសំណាល ដើម្បីជំរុញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ហើយក៏ដើម្បីដឹងពីសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ។
ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេ ក៏បានព្យាយាមថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាអនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបពួកគេដោយផ្ទាល់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់សុខទុក្ខរបស់ប្រជាពលរដ្ឋជាមួយរូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់សម្តេចទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសេចក្តីសម្រេចជាគោលការណ៍ ជាបន្តបន្ទាប់សម្រាប់ពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករនិយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាព និងអត្ថប្រយោជន៍របស់កម្មករ និយោជិត និងនិយោជក និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។
តាមរយៈជំនួបដោយផ្ទាល់ជាបន្តបន្ទាប់នេះសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ បានសម្រេចផ្តល់ជាកញ្ចប់អត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករ និយោជិត ដែលរួមមានដូចជា៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងតាមមន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គមដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨នេះតទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* ជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨នេះ។
* ហាមមិនឲ្យមានការដំឡើងថ្លៃឈ្នួលផ្ទះ ឬ បន្ទប់ នៅក្នុងឆ្នាំ២០១៨។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ បន្ទាប់ពីគេបម្រើការងារចាប់ពី២៥ឆ្នាំឡើង។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត៕