(ភ្នំពេញ)៖ កិត្តិនាមដ៏ល្បាញល្បីជាភ្នំខ្ពស់ជាងគេ បូករួមជាមួយសម្រស់ព្រៃព្រឹក្សដ៏ស្រស់ត្រកាលនៃភ្នំឱរ៉ាល់កំពុងអន្ទងដួងចិត្ត អ្នកចូលចិត្តធ្វើដំណើរទេសចរណ៍បែបផ្សងព្រេងទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសកាន់តែច្រើន បាននាំគ្នាធ្វើដំណើរឡើងទៅលើកំពូលភ្នំឱរ៉ាល់ ដែលមានកម្ពស់រហូតដល់ ១,៨១៣ម៉ែត្រ។
នៅឆ្នាំ២០១៧កន្លងទៅនេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណជា ១ពាន់នាក់បាននាំគ្នាធ្វើដំណើរឡើងលើកំពូលភ្នំឱរ៉ាល់។ ចំនួននេះ បើមើលទៅហាក់មានចំនួនតិចតួចនៅឡើយ តែបើធៀបជាមួយបណ្តាឆ្នាំកន្លងទៅ គឺមានការកើនឡើងច្រើន។
ការកើនឡើងនៃចំនួនអ្នកទេសចរឡើងទៅកាន់កំពូលភ្នំ ដែលខ្ពស់គេនៅកម្ពុជានេះ មិនត្រឹមតែធ្វើឲ្យកិត្តិនាមភ្នំរបស់ខ្មែរកាន់តែល្បីសុសសាយទៅលើពិភពលោកនោះទេ តែក៏បាននិងកំពុងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជើងភ្នំឱរ៉ាល់ឲ្យមានភាពប្រសើរឡើង។ ជាពិសេសបានជួយឲ្យពួកគេឈានទៅបោះបង់ការចូលកាប់ព្រៃឈើតាមជើងភ្នំឱរ៉ាល់ផងដែរ។
លោក ឈឺន ឆីម ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ពោលគឺនៅជើងភ្នំឱរ៉ាល់តែម្តង គឺជាអ្នកដែលតែងតែបាននាំភ្ញៀវទេសចរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់។ លោក ឆីម បានជូនភ្ញៀវឡើងកំពូលភ្នំឱរ៉ាល់តាំងពីឆ្នាំ២០០៤មក មិនតិចជាង ២០០ដងនោះឡើយ។
ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News បុរសដែលមានមាឌធំមាំ សម្បុរបែបខ្មែរអ្នកព្រៃភ្នំរូបនេះ បានអះអាងថា បច្ចុប្បន្នភ្ញៀវទេសចរទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសកាន់តែច្រើន បានចាប់អារម្មណ៍ជាមួយការធ្វើដំណើរឡើងទៅលើកំពូលភ្នំឱរ៉ាល់។
បើតាមលោក ឆីម ភ្ញៀវទេសចរភាគច្រើន ដែលឡើងទៅលើភ្នំឱរ៉ាល់ គឺចាប់អារម្មណ៍ជាមួយសម្រស់ធម្មជាតិ ព្រៃព្រឹក្សាតូចធំ ខ្ពស់ទៀបដ៏ច្រើនស្អេកស្កះនៅតាមជួរភ្នំ។ ជាពិសេពួកគេចង់សម្រេចមហិច្ឆតាឡើងទៅកាន់កំពូលភ្នំ ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា។
បុរសដែលជាអ្នកជូនភ្ញៀវឡើងកំពូលភ្នំរូបនេះ បានអះអាងប្រាប់ដែរថា ការកើនឡើងនៃចំនួនអ្នកទេសចរឡើងភ្នំឱរ៉ាល់ ក៏កំពុងតែធ្វើឲ្យជីវភាពរបស់លោក រួមនិងប្រជាពលរដ្ឋក្នុងភូមិស្រែកិន មានភាពល្អប្រសើរផងដែរ។ បើតាមការបញ្ជាក់របស់លោក ឆីម ក្នុងមួយខែលោករកចំណូលមិនតិចជាង ១ពាន់ដុល្លារនោះទេ ពីការជូនភ្ញៀវនេះ ហើយនៅពេលខ្លះលោករកតែពេល និងកម្លាំងជូនភ្ញៀវមិនបានថែមទៀតផងដែរ។
សេវាសម្រាប់ជូនភ្ញៀវឡើងភ្នំ លោក ឆីម គិតជាថ្ងៃ គឺក្នុងមួយថ្ងៃតម្លៃ ៣៥ដុល្លារ។ ក្រៅពីរកកម្រៃនៃតម្លៃខ្លួនជូនភ្ញៀវឡើងភ្នំហើយ លោក ឆីម ក៏អាចលក់ម្ហូបអាហារជូនភ្ញៀវបានថែមទៀតផង។
លោក ឆីម អះអាងថា មិនត្រឹមតែរូបលោកទេ ដែលមានជីវភាពល្អប្រសើរជាងពេលមុននោះ សូម្បីតែប្រជាពលរដ្ឋក្នុងភូមិក៏មានការប្រែប្រួលផងដែរ តាមរយៈការចិញ្ចឹមសត្វ និងដាំដុះបន្លែផ្សេងៗសម្រាប់ធ្វើជាម្ហូបអាហារជូនភ្ញៀវ។
ប្រជាពលរដ្ឋនៅតាមជើងភ្នំឱរ៉ាល់នេះ កាលដើមឡើយភាគច្រើនប្រកបអាជីពជាអ្នកឡើងកាប់ឈើនៅតាមជើងភ្នំ តែបច្ចុប្បន្នពួកគេបានបោះបង់ស្ទើរតែអស់ទៅហើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឈឺន ឆីម។
ថ្វីត្បិតថា កិត្តិនាម និងភាពស្រស់បំព្រងនៃសម្រស់ធម្មជាតិតាមជួរភ្នំឱរ៉ាល់ក្លាយជាធ្នាក់ទាក់ទឹកចិត្តអ្នកទេសចរយ៉ាងណាក្តី តែស្ថានភាពផ្លូវដ៏សែនលំបាកចេញពីផ្លូវជាតិក្នុងទីរួមស្រុកឱរ៉ាល់ ឆ្ពោះទៅជើងភ្នំ កំពុងក្លាយជាឧបសគ្គធ្វើឲ្យអ្នកទេសចរមានទឹកចិត្តរួញរាផងដែរ។
ឆ្លើយតបនឹងបញ្ហាមួយនេះ លោក ឆីម បានលើកជាសំណូមដល់អាជ្ញាធរពាក់ព័ន្ធជួយពិនិត្យសាងសងផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិ ទៅកាន់ភូមិស្ថានរបស់ពួកគាត់ ដែលមានប្រវែងប្រមាណ ២០គីឡូម៉ែត្រនោះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់ជើងភ្នំ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។
លោក ឆីម បានបង្ហាញការជឿជាក់ថា បើទោះបីផ្លូវឡើងទៅលើភ្នំឱរ៉ាល់មានការលំបាក តែបើអាជ្ញាធរអាចជួយសាងសង់ផ្លូវពីថ្នល់ជាតិចូលទៅភូមិរបស់ពួកគាត់ ដែលជាប់ជើងភ្នំឱរ៉ាល់នោះ ក៏នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរបានមួយកម្រិតទៀតផងដែរ៕