(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយនាយកក្រុមហ៊ុនដ៏ធំរបស់ជប៉ុន Marubeni និងជាប្រធានសភាពាណិជ្ជកម្មជប៉ុនប្រចាំប្រទេសថៃ នាថ្ងៃទី០៦ ខែកុម្ភៈនេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសថៃ នាពេលខាងមុខ ដើម្បីទាក់ទាញវិនិយោគិនជប៉ុនឲ្យមកវិនិយោគបន្ថែមនៅកម្ពុជា។

កិច្ចពិភាក្សាការងារវិនិយោគជាមួយភាគីជប៉ុនខាងលើ លោក កែវ រតនៈ បានឲ្យដឹងថា ក្រុមហ៊ុន Marubeni នេះ បានវិនិយោគខ្លះរួចហើយ លើគម្រោងរោងចក្រអគ្គិសនីធ្យូងថ្ម នៅខេត្តព្រះសីហនុ។

លោកថា ក្រុមហ៊ុនជប៉ុនមួយនេះ កំពុងសម្លឹងមើលឱកាសវិនិយោគលើវិស័យថាមពល និងវិស័យផ្សេងទៀតបន្ថែមនៅកម្ពុជា ហើយការចង់បន្ថែមការវិនិយោគនេះ ដោយសារក្រុមហ៊ុនបានមើលឃើញថា កម្ពុជាមានសន្តិភាព និងល្បឿននៃការរីកចម្រើនខ្លាំងក្លា។

ក្រោយទទួលបានលទ្ធផលវិជ្ជមានបណ្ដើរៗ ពីក្រុមហ៊ុនវិនិយោគជប៉ុនយ៉ាងដូច្នេះហើយ លោក កែវ រតនៈ បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅពិភាក្សាជាមួយអ្នកវិនិយោគជប៉ុននៅប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញក្រុមហ៊ុនជប៉ុនដទៃទៀត មកបណ្ដាក់ទុនបង្កើតរោងចក្រនៅកម្ពុជា សំដៅបង្កើតការងារជូនយុវជន និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា៕