(សៀមរាប)៖ តាមរយៈបទយកការណ៍ពិសេសរបស់កាសែតដ៏ល្បីរបស់បារាំង Le Monde ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ២០១៨ ក្រោមចំណងជើងថា «អង្គរ ការប្រឈមនៃការកើនឡើងយ៉ាងគំហុកនៃវិស័យទេសចរណ៍» បានបង្ហាញពីបញ្ហាជាច្រើននៅក្នុងតំបន់អង្គរ ទាំងការអភិរក្ស ជួសជុលសំណង់ប្រាសាទ បរិស្ថាន ការគ្រប់គ្រងទេសចរ ចំណូលអង្គរ ការរីករាលដាលនៃសំណង់ក្នុងឧទ្យានអង្គរ ជីវភាពរស់នៅរបស់ប្រជាជន ការបង្កើតគណៈកម្មាធិការគ្រប់គ្រងតំបន់អង្គរ កសិកម្ម និងការវិនិយោគទុនផ្សេងៗ។
កាសែតនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រងតំបន់ឧទ្យានអង្គរ ក្នុងផ្ទៃក្រឡាជាង៤០១គីឡូម៉ែត្រក្រឡា ដូចជាការទប់ស្កាត់នូវការរីករាដាល នៃសំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានរាប់រយករណី ការយកចិត្តទុកដាក់លើការថែរក្សា ការពារ ជួសជុល អភិរក្សប្រាង្គប្រាសាទនានា ជាមួយអ្នកជំនាញបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ក្នុងនោះក៏មានបារាំងផងដែរ ពិសេសការបង្កើតឱ្យមានគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាគំរូដ៏ល្អសម្រាប់តំបន់បេតិកភណ្ឌដទៃទៀត លើពិភពលោកយកគំរូតាម។
ក្រៅពីការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីការរស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរដោយខ្លួនឯងផង និងមានការសហការពីដៃគូអភិវឌ្ឍន៍ផង ទាំងលើផ្នែកសិក្សាអប់រំ ការថែរក្សាបេតិកភណ្ឌ ការបណ្តុះបណ្តាលលើជំនាញចិញ្ចឹមសត្វ និងការដាំដុះផ្សេងៗ អប់រំអំពីបរិស្ថានល្អ និងអនាម័យ ការរស់នៅនិងហូបស្អាត ការប្រើប្រាស់ និងសាងសង់បង្គន់ជាដើម។
ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីសកម្មភាពការងារ និងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន សូមអញ្ជើញទស្សនាគេហទំព័រ www.apsaraauthority.gov.kh និង Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា «អាជ្ញាធរជាតិអប្សរា»៕