(រតនគិរី)៖ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អមដំណើរដោយលោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យ ចំនួន១៤គ្រួសារ នៅភូមិ យ៉ែម ឃុំស៊ឺង ស្រុកបរកែវ។

លោក ថង សាវុន បានថ្លែងសំណេះសំណាលសួរសុខទុក្ខ  និងមានសេចក្ដីសោកស្ដាយជាខ្លាំង ជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទេវហេតុនេះ បណ្តាលឲ្យបាត់បង់ ផ្ទះសម្បែង និងសំភារៈយ៉ាងច្រើន ហើយប៉ះពាល់ដល់ការសិក្សារបស់កូនៗផងដែរ។  

លោកបានបន្តថា សូមកុំអស់សង្ឃឹមឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ហើយសូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងចង្រ្កាន និងភ្លើងឆេះព្រៃជាដើម ដែលជាប្រភពនៃគ្រោះថ្នាក់ធ្វើឲ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ព្រោះនេះមិនមែនជាករណីទីមួយទេ ដែលមានការឆេះផ្ទះដែលបណ្តាលមកពីភ្លើងចង្រ្កានដាំបាយ ដោយខ្វះការប្រុងប្រយ័ត្ន។

ជាមួយគ្នានោះ លោក ថង សាវុន បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» ។

អំណោយមនុស្សធម៌ក្នុង១គ្រួសារមាន៖ អង្ករ ៣០គីឡូក្រាម កៅស៊ូតង់១ កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ ឆ្នាំងបាយ២ ចាន១០ ស្លាបព្រា១០  មី ១កេស ត្រីខ ១យួរ  ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ ប្រេងឆា២លីត្រ អំបិល២កញ្ចប់ និងសាប៊ូម្សៅ១គីឡូក្រាម ថវិកា៤ម៉ឺនរៀល និងសាលាស្រុកបរកែវ អង្ករ ៥០គីឡូក្រាម ១គ្រួសារសឹករងស្រុក ទឹកត្រី៤ដប ១គ្រួសារ អធិការនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក ថវិកា៥ម៉ឺនរៀល ១គ្រួសារ៕