(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ និងគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានចុះសិក្សាស្វែងយល់អំពី កំណែទម្រង់និងទំនើបកម្មនៃគោលនយោបាយពន្ធ និងរដ្ឋបាលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារ។
ដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូឡាវ ដឹកនាំដោយលោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ និងលោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតឡាវប្រចាំកម្ពុជា លោក-លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋានថ្នាក់កណ្តាលទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «សម្រាប់រយៈពេលពេញមួយឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន សរុបចំនួន ៧,៧៥៤.៨១ ពាន់លានរៀល (ប្រមាណជា១,៩៣៨.៧១ លានដុល្លារអាមេរិក) ស្មើនឹង១១៣% នៃផែនការ និងបានបំពេញបែបបទស លាកបត្របង់ចូលថវិកាជាតិបានចំនួន ៧,៦៨៦.៨៦ ពាន់លានរៀល (ប្រមាណ១,៩២១.៧១លានដុល្លារអាមេរិក) ស្មើនឹង១១២% នៃផែនការ។ ប្រសិនបើធៀបនឹងឆ្នាំ២០១៦ ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១,៦៧៦.៣៦ ពាន់លានរៀល (ប្រមាណ៤១៩.០៩ លានដុល្លារ) ស្មើនឹង២៧.៨៩%»។
លោក គង់ វិបុល បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺមិនមានការដំឡើងអត្រាពន្ធ ឬបង្កើតប្រភេទពន្ធថ្មីឡើយ គឺមានតែពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានតែប៉ុណ្ណោះ។ បន្ថែមពីលើនេះ គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលតែងតែមានការលើកទឹកចិត្តចំពោះការវិនិយោគលើ វិស័យកសិកម្ម វិស័យអប់រំ និងវិស័យអាទិភាពនានាផ្សេងទៀត រួមទាំងសហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម គោលនយោបាយលើកទឹកចិត្តពន្ធ ជានិច្ចកាលតែងតែគិតគូរដល់ប្រជាពលរដ្ឋ និងអាជីវករតូចតាច។
លោក គង់ វិបុល បានបបន្តថា កំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ គឺដើម្បីធានាបានថា អ្នកជាប់ពន្ធមានភាពងាយស្រួល ទទួលបានតម្លាភាព ប៉ុន្តែលំបាកក្នុងការគេចវេះពន្ធ ដែលជាឆន្ទៈច្បាស់លាស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា សមិទ្ធិផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធដារដូចបានរៀបរាប់ខាងលើ គឺផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកំណែទម្រង់ និងអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ជាពិសេសការអនុវត្ត នូវមុខងារប្រតិបត្តិការស្នូល៥ រួមមានទី១៖ ការចុះបញ្ជីអ្នកជាប់ពន្ធ, ទី២៖ ការផ្តល់សេវាអ្នកជាប់ពន្ធ, ទី៣៖ ការចាត់ចែងលិខិតប្រកាស, ទី៤៖ ការធ្វើសវនកម្ម, និងទី៥៖ ការប្រមូលបំណុលពន្ធនិងបណ្តឹងតវ៉ា ព្រមទាំងមុខងារគាំទ្រ៣រួមមានទី១៖ ការពង្រឹងការគ្រប់គ្រងនិងរចនាសម្ព័ន្ធ, ទី២៖ ការគ្រប់គ្រងធនធានមនុស្ស, និងទី៣៖ បច្ចេកវិទ្យាព័ត៌មាន ហើយអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវយន្តការសំខាន់ៗ៤សម្រាប់អនុវត្តរួមមាន ទី១. ការកែលម្អរដ្ឋបាលសារពើពន្ធ ជាពិសេសការធ្វើទំនើបកម្មព័ត៌មានវិទ្យាជាច្រើន ដែលសម្រេចបាននាពេលកន្លងមក, ទី២៖ ការពង្រឹងអភិបាលកិច្ចល្អ, ទី៣៖ ការកែលម្អគោលនយោបាយសារពើពន្ធ និងបទប្បញ្ញត្តិផ្សេងៗ, និងទី៤៖ ការពង្រឹងវប្បធម៌បង់ពន្ធ៕