(ភ្នំពេញ)៖ នាយឧត្តសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានជំរុញដល់នាយទាហាន ដែលទទួលបានការដំឡើង ឋានន្តរសក្តិនៅពេលនេះ ត្រូវបន្តខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ប្រកបដោយស្មារតីទទួលខុសត្រូវសំដៅរួមចំណែកកសាង និងអភិវឌ្ឍកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាក្នុងបុព្វហេតុកិច្ចការពារជាតិ។
នាយឧត្តសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញក្នុងពិធីបំពាក់ឋានន្តរសក្តិជូននាយទាហានចំណុះអគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
នាយឧត្តសេនីយ៍ ប៉ុល សារឿន បានបន្តថា ក្នុងន័យនេះ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្របន្ថែម អំពីចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ រៀនសូត្រភាសារ និងវិទ្យាសាស្ត្រព័ត៌មានវិទ្យា ពីព្រោះថានៅក្នុងយុគសម័យចំណេះដឹងវិទ្យាសាស្ត្រព័ត៌មានវិទ្យាបានធ្វើ ឲ្យពិភពលោកទាំងមូល មានការផ្លាស់ប្តូរ ប្រែប្រួលស្ទើរតែមិននឹកស្មានដល់ ហើយការសិក្សារៀនសូត្រ ការស្រាវជ្រាវ គឺជាដំណើរការមួយដែលមិនចេះចប់ ដើម្បីដុសខាត់ចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនឲ្យកាន់តែសុក្រឹត្យថែមទៀតក្នុងទិសដៅអភិវឌ្ឍ និងសមាហរណកម្មកងយោធពលខេមរភូមិន្ទ ក្នុងសហគមន៍តំបន់ និងសកលោក។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានផ្តល់អនុសាសន៍មួយចំនួនជូននាទាហានរួមមាន៖
ទី១៖ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់លក្ខន្តិកកងយោធពលយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ដែលបានប្រគល់ជូន។
ទី២៖ ត្រូវចូលរួមចំណែកឲ្យបានខ្លាំងក្លាក្នុងការកែទម្រង់ សំដៅកសាងកងយោធពលខេមរភូមិន្ទ ឲ្យទៅជាអង្គភាពរៀបរយមានគ្រប់លទ្ធភាព និងសមត្ថភាព ក្នុងកិច្ចការពារបូរណភាពទឹកដីនៃមាតុភូមិ។
ទី៣៖ ត្រូវជំរុញលើកកម្ពស់ក្នុងការសិក្សារៀនសូត្រ ហ្វឹកហ្វឺន ហ្វឺនបំប៉នដើម្បីបង្កើនចំណេះដឹងចំណេះធ្វើ និងសមត្ថភាពជំនាញ រួមចំណែកក្នុងការកសាង អភិវឌ្ឍធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ សម្រាប់ជាប្រភពកម្លាំងបន្តវេនទៅអនាគត។
ទី៤៖ ចំពោះនាយទាហានវ័យក្មេងថ្នាក់ឧត្តមសេនីយ៍ ត្រូវគោរពគោលការណ៍មួយចំនួន៖
* ត្រូវឈរជាមជ្ឈមណ្ឌល សាមគ្គីឯកភាពផ្ទៃក្នុង និងប្រតិបត្តិនូវគោលការណ៍ ពីមនុស្សច្រើនធ្វើការបានតិច ឱ្យទៅជាមនុស្សតិចធ្វើការបានច្រើន។
* ត្រូវគោរពចាស់ទុំតាមបែបប្រពៃណីខ្មែរ គោរពរៀមច្បង ក្នុងនោះ គោរពរៀមច្បងដែលមានសក្តិតូចជាង ពីព្រោះគាត់ជាមនុស្សចាស់ មានបទពិសោធន៍ច្រើនជាង មានន័យថា «សម្តីជាឯក លេខជាទោ»។
* ត្រូវក្តាប់ឱកាសបន្តការសិក្សារៀនសូត្រ ទាំងផ្នែកជំនាញវិជ្ជាជីវៈ និងភាសាបរទេស មានន័យថា «ចេះពីរៀន មានពីរក រៀនគ្មានទីបញ្ចប់»។
និងទី៥៖ ក្រោយពីទទួលបានឋានន្តរស័ក្តិ ត្រូវផ្លាស់ប្តូរនូវផ្នត់គំនិតពីអ្នកត្រួតត្រាគេ ឲ្យទៅជាការបំពេញភារកិច្ច និងផ្តល់សេវាផ្សេងៗ ជូនថ្នាក់ក្រោម ប្រកបដោយសេចក្តីថ្លៃថ្នូរ តម្លាភាព និងគណនេយ្យភាព៕