(សៀមរាប)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ​នៅព្រឹក០៦ ខែកុម្ភៈ ឆ្នាំ​​២០១៨នេះ បានអញ្ជើញចូលរួមជាអធិបតី រួមជាមួយសម្តេចព្រះ​ភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទិសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងជាសម្តេចព្រះសង្ឃនាយក​នៃ​កម្ពុជា និង​សម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ក្នុងពិធីបិទកម្មវិធីបដិបត្តិព្រះធម៌ធ្វើធុតង្គ (ដើរឆ្ពោះទៅរកការរំលត់ទុក្ខ​) នៅវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង មុខព្រះលានជល់ដំរី ខេត្តសៀមរាប ដែលមានយោគាវចរចូលរួមបដិបត្តិព្រះធម៌ ធ្វើធុតង្គប្រមាណ៣៥០អង្គ/នាក់។

ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា ពិធីបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខដែល​ធ្វើនាពេលនេះ គឺមានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ព្រោះថាពិធីនេះមានលក្ខណៈស្របទៅនឹងប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផងរបស់ខ្មែរ ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គ បានបង្រៀនដល់មនុស្សនូវធុរៈពីរយ៉ាង សម្រាប់ព្រះសាសនារបស់ព្រះអង្គគឺ គន្ធធុរៈការសិក្សារៀនសូត្រទន្ទេញ នូវព្រះបរិយត្តិធម៌ឲ្យបានច្បាស់លាស់ និងវិបស្សនាធុរៈ គឺសំដៅដល់ការបដិបត្តិដុសខាត់ខ្លួនឲ្យស្អាតដើម្បីរលាស់ខ្លួនចេញចាកទុក្ខ​។

ទេសរដ្ឋមន្ត្រី បានមានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹង អំពីផលលំបាក នៃការប្រើប្រាស់ គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងខេត្តបន្ទាយមានជ័យ នៅឲ្យឆ្ងាយពីគ្រឿងញៀន។

មួយវិញទៀត បើតាមទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម សូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាព នៃសាសនាផ្សេងៗទៀ​ត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា៕