(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលរងគ្រោះដោយសារតែជំទាវ លី អ៊ុំអេង និងមន្ត្រីអាជ្ញាធរជំនាញឃុបឃិតគ្នា រំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប រហូតមកដល់ពេលនេះ នៅតែមិនទាន់ទទួលបានយុត្តិធម៌ ខណៈប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយស្រីចំនួន៤៧គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន លី អ៊ុំអេង ដែលនោះ បានទទួលពន្លឺយុត្តិធម៌ ដោយសារតែមន្ត្រីអាជ្ញាធរជំនាញបានចុះទៅវាស់វែង កំណត់អត្តសញ្ញាណដីទំនាស់ យោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋម្នាក់ ដែលបានស្កាត់ពីខេត្តសៀមរាប មកជួបភ្នាក់ងារ Fresh News ដល់ភ្នំពេញ បានរៀបរាប់ថា ដីទំនាស់ខាងលើនេះមានទំហ៊ំជាង១០ហិកតា ដែលគ្រប់គ្រងដោយពួកគាត់ ៨គ្រួសារ ខ្លះមានជិត១ហិកតា ខ្លះជាង១ហិកតា គឺពួកគាត់បានទិញ និងមានធ្វើចុងសន្លឹកបញ្ជាក់ ដោយមន្ត្រីអាជ្ញាធរកាន់កាប់ត្រឹមត្រូវ តាមច្បាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ។
លុះក្រោយមកទីតាំងដីខាងលើនេះ ត្រូវបានកំណត់ទៅជាដីតំបន់បុរីសណ្ឋាគារវប្បធម៌ និងទេសចរណ៏ស្ថិតក្រោមការគ្រប់ គ្រងរបស់អាជ្ញាធរអប្បរា។ កាលណោះខាងអាជ្ញាធរអប្បរា បានជូនដំណឹងអោយប្រជាពលរដ្ឋ ដែលជាម្ចាស់ដីមានឯកសារ កាន់កាប់ត្រឹមត្រូវទៅដាក់ពាក្យបណ្ដឹងដើម្បីធ្វើការដោះស្រាយ និងទទួលយកគោលនយោបាយផងដែរ ហើយពួកគាត់ក៏ បានទៅដាក់ពាក្យបណ្ដឹងតាមរយៈឯកសារកាន់កាប់ និងសាក្សីដឹងឮគ្រប់ៗគ្នា។ ក្នុងនោះ អ្នកខ្លះក៏ទទួលយកប្រាក់គោល នយោបាយ អ្នកខ្លះក៏មិនព្រមទទួលយក ព្រោះតែសំណងតិចពេក ហើយពួកគាត់ក៏នៅបន្តប្ដឹងទាមទារគ្រប់គ្រងដី និងរក ដំណោះស្រាយតាមផ្លូវច្បាប់រហូតមក។
លុះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥៨ អនក្រ.បក ធ្វើប្រទានកម្ម នូវដីក្នុងតំបន់បុរីសណ្ឋាគារ វប្បធម៌ និងទេសចរណ៏ ដែលមិនទាន់ទទួលបានការដោះស្រាយ គោលនយោបាយពីអាជ្ញាធរអប្បរា ត្រូវប្រគល់ជូនប្រជាពលរដ្ឋវិញ។ ប៉ុន្តែពេលដែលពួកគាត់យកឯកសារផ្លូវច្បាប់ ដើម្បីទៅ ដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិ ស្រាប់តែលេចមុខជំទាវលី អ៊ុំអេង ចេញមកអះអាងថាដីខាងលើនេះ គឺជាដីរបស់លោកជំទាវទៅ វិញដោយសំអាងថាលោកជំទាវមានលិខិតកាន់កាប់(ចុងសន្លឹក)តាំងពីឆ្នាំ១៩៩៤មកម៉្លេះ។
ប៉ុន្តែតាមការពិនិត្យទៅលើចុងសន្លឹកដែលលោកជំទាវ លី អ៊ុំអេង មាន គឺឯកសារខ្លះមានការកោសលប់ មានភាពមិនប្រក្រតី ហើយការប្ដឹងផ្ដល់គ្នាក៏កើតមានរហូត មក រហូតចុងក្រោយមន្ត្រីអាជ្ញាធរជំនាញបានសម្រេច ចេញប័ណ្ណកម្មសិទ្ធិប្រគល់ដីខាងលើទៅអោយលោកជំទាវលី អ៊ុំអេង អត្តនោម័តដោយគ្មានការឯកភាពពីភាគីអាជ្ញាធរអប្បរាដែលជាសហប្រធាននោះឡើយ។មិនតែប៉ុណ្ណោះការចេញប័ណ្ណកម្មសិទ្ធិ លើដីជម្លោះរួមជាមួយដីផ្សេងៗទៀតនៅក្បែរនោះទៅអោយលោកជំទាវលី អ៊ុំអេង ក៏ជាន់ទៅលើដីរបស់អាជ្ញាធរអប្បរាជាង៣ ហិកតាផងដែរ។
ថ្មីៗនេះ ខណៈលោកជំទាវ លី អ៊ុំអេង ធ្វើការឈូសឆាយចាក់ដី លើកផ្លូវដើម្បីពុះឡូត៌ដីទំនាស់លក់ ក៏ត្រូវបានខាងអាជ្ញាធរអប្បរា សហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅហាមឃាត់ និងកាយផ្ដាច់ផ្លូវនៅក្នុងដីឡូត៌ទំនាស់ ព្រោះរំលោភយកដីអប្បរា ស្រាប់តែ លោកជំទាវចោទប្រកាន់ថា អាជ្ញាធរកាយផ្ដាច់ផ្លូវមិនអោយប្រជាពលរដ្ឋធ្វើដំណើរទៅវិញ។នេះពាក់ព័ន្ធវិវាទដីជាមួយរដ្ឋផង លោកជំទាវហ៊ានចោទប្រកាន់បំភ័ន្ត ទៅលើអាជ្ញាធរបែបនេះទៅហើយ ចុះទំរាំជាមួយប្រជាពលរដ្ឋស្លូតត្រង់ទៀត តើវាយ៉ាង ណាទៅវិញ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ កាលពីពេលកន្លងទៅថ្មីៗនេះ លោកជំទាវលី អ៊ុំអេង ធ្លាប់បានទូរស័ព្ឌប្រាប់អង្គភាព Fresh News ថាដីរបស់លោកជំទាវ បានមកពីការទិញតពីម្ចាស់ដើម ស្របច្បាប់ដោយមានឯកសារកាន់កាប់ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ ពោលគឺមុនឯកសារកាន់កាប់ដែលគូទំនាស់ របស់លោកជំទាវមាន។ប៉ុន្តែការអះអាងខាងលើ ត្រូវបានបានភាគីប្រជាពលរដ្ឋ៨គ្រួសារបក ស្រាយថា ឯកសារដែលលោកជំទាវលី អ៊ុំអេង មាន គឺមានភាពមិនប្រក្រតី ព្រោះឯកសារខ្លះមានស្នាមកោសលប់ជាដើម។
មិនតែប៉ុណ្ណោះ អ្នកដែលមានឈ្មោះនៅក្នុងឯកសារថា បានលក់ដីទៅអោយលោកជំទាវក៏បានធ្វើការបដិសេធថា មិនបានលក់ដីទៀតផង។ ក្នុងនោះ ដើម្បីតម្លាភាព និងផ្ដល់យុត្តិធម៌ដល់គូភាគីទំនាស់ ប្រជាពលរដ្ឋ៨គ្រួសារ បានស្នើសុំអោយមានការជួបទល់មុខគ្នានៅចំពោះ មុខមន្ត្រីអាជ្ញាធរពាក់ព័ន្ធបង្ហាញឯកសាររៀងៗខ្លួន ដើម្បីបញ្ជាក់ថាឯកសារណាមួយត្រឹមត្រូវ ឯកសារណាមួយមិនត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤៧គ្រួសារ រស់នៅឃុំចេក ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំនាស់ដីធ្លី ប្ដឹងផ្ដល់គ្នាជាមួយក្រុមហ៊ុនរបស់លោកជំទាវលី អ៊ុំអេង ជាយូរមកហើយនោះ កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបាន មន្ត្រីអាជ្ញាធរពាក់ព័ន្ធចុះទៅវាស់វែងកំណត់អត្តសញ្ញាណដីទំនាស់ ដើម្បីឈានទៅរកការដោះស្រាយប្រគល់ ទៅអោយប្រជាពលរដ្ឋវិញ ដែលជាយុត្តិធម៌មួយ សំរាប់ប្រជាពលរដ្ឋ៤៧គ្រួសារ នៅស្រុកបន្ទាយស្រី។ ប៉ុន្តែប្រជាពលរដ្ឋ៨គ្រួសារ មានទំនាស់ដីធ្លីជាមួយលោកជំទាវ លី អ៊ុំអេង នៅក្រុងសៀមរាប នៅតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ។
ប្រជាពលរដ្ឋទាំង៨គ្រួសារសង្ឃឹមថាលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ជាពិសេសសម្ដេចតេជោហ៊ុន សែន នឹងផ្ដល់យុត្តិធម៌ដល់ពួក គាត់ទាំងអស់គ្នាជាក់ជាមិនខាននាពេលខាងមុខឆាប់ៗនេះ។
ខាងក្រោមនេះ ជាឯកសារព័ត៌មានជំនួយស្មារតី ដែលប្រជាពលរដ្ឋមានជាសំអាងក្នុងការបញ្ជាក់ថា លោកជំទាវលី អ៊ុំអេង និងមន្ត្រីអាជ្ញាធរជំនាញរំលោភបំពានយក ដីរបស់ពួកគាត់តាមរយៈការកសាងឯកសារ ដើម្បីស្នើសុំប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតី៖