(កណ្តាល)៖ ព្រឹត្តិការណ៍រត់ចម្ងាយមហាជនដើម្បីសុខភាព លើកទី២ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល ត្រូវបានប្រារព្វធ្វើឡើងនៅឃុំពើក ស្រុកអង្គ-ស្នួល ខេត្តកណ្តាល ដោយមានកិច្ចសហការជាមួយគណៈអភិបាលស្រុក និងការិយាល័យអប់រំយុវជននិងកីឡាស្រុកអង្គស្នួល។
ព្រឹត្តិការណ៍រត់ចម្ងាយនេះ រៀបចំឡើងនៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ព្រឹត្តិការណ៍រត់ចម្ងាយមហាជននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន២ គឺទី១-លើកកម្ពស់សុខភាពរបស់ប្រជាជននៅក្នុងស្រុកអង្គស្នួល តាមរយៈការផ្សព្វផ្សាយជំរុញគាំទ្រ លើកទឹកចិត្ត និងធ្វើសកម្មភាពលំហាត់ប្រាណ និងកីឡាជាពិសេសបណ្ដុះស្មារតី និងចលនាសាមគ្គីភាពរបស់យុវជនឱ្យស្រឡាញ់កីឡា និងសុខភាពរបស់ខ្លួន, និងទី២-ប្រកួតជ្រើសរើសជើងឯកផ្នែករត់ចម្ងាយកម្រិតមធ្យមសិក្សាថ្នាក់ស្រុក ដែលនឹងត្រូវទៅចូលរួមប្រកួតជ្រើសរើសជើងឯកផ្នែករត់ចម្ងាយកម្រិតមធ្យមសិក្សាថ្នាក់ខេត្តនៅពេលខាងមុខ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើងជា២វិញ្ញាសា រួមមាន (១) ការរត់ចម្ងាយ ៣គីឡូម៉ែត្រសម្រាប់នារី និង (២) ការរត់ចម្ងាយ ៥គីឡូម៉ែត្រសម្រាប់បុរស។
ព្រឹត្តិការណ៍រត់ចម្ងាយមហាជនដើម្បីសុខភាពលើកទី២នេះ មានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីជម្រើសជាតិសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមហាជន សរុបប្រមាណ ៥,០០០នាក់ ដែលចំនួននេះមានការកើនឡើងជាង ២ពាន់នាក់ បើធៀបនឹងព្រឹត្តិការណ៍រត់ចម្ងាយមហាជនដើម្បីសុខភាពលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នៅស្រុកអង្គស្នួល។
ព្រឹត្តការណ៍រត់ចម្ងាយមហាជនដើម្បីសុខភាពនេះក៏ទទួលបាននូវការគាំទ្រ និងសាទរយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាជនស្រុកអង្គស្នួល មាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ ដែលតែងតែប្រាថ្នារស់នៅក្នុងប្រទេសមានការអភិវឌ្ឍ និងសុខសន្តិភាព និងចង់ឱ្យបុត្រធីតារបស់ខ្លួនមានកម្លាំង ប្រាជ្ញារឹងមាំ និងសុខភាពល្អ។ ព្រឹត្តិការណ៍នាថ្ងៃនោះពិតជាមិនអាចកើតឡើងបានឡើយ ប្រសិនបើប្រទេសជាតិខ្វះសុខសន្តិភាព។
ជាការលើកទឹកចិត្ត ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ ទាំងសម្រាប់នារី និងសម្រាប់បុរស ទទួលបានរង្វាន់ស្បែកជើងកីឡាម៉ាកល្បីយ៉ាងស្អាតប្រណិត ម្នាក់១គូពីឯកឧត្តម សុខ ចិន្ដាសោភា ប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល។
សម្រាប់ការរត់ចម្ងាយ ៣គីឡូម៉ែត ជ័យលាភីលេខ១ បានទៅលើសិស្សឈ្មោះ បឿន និកា ជ័យលាភីលេខ២ បានទៅលើសិស្សឈ្មោះ សន ស្រីល័ក្ខ និងជ័យលាភីលេខ៣ បានទៅលើសិស្សឈ្មោះ វ៉េង ស្រីពៅ ដែលសិស្សទាំង៣រូបមកពីវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត។ រីឯការរត់ចម្ងាយ ៥គីឡូម៉ែត ជ័យលាភីលេខ១ បានទៅលើសិស្សឈ្មោះ អ៊ុត ណារី មកពីអនុវិទ្យាល័យបែកចាន, ជ័យលាភីលេខ២ បានទៅលើសិស្សឈ្មោះ ខន ប៉េងលី មកពីវិទ្យាល័យ ហ៊ុន សែន អង្គស្នួល និងជ័យលាភីលេខ៣ បានទៅលើសិស្សឈ្មោះ ឃឿន ខួច មកពីវិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង៕