(សៀមរាប)៖ យោងតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចេញផ្សាយនាចុងឆ្នាំ២០១៧ កន្លងមក បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារសហគមន៍ បានចុះទៅពិនិត្យ អនុញ្ញាតឲ្យសាងសង់ និងជួសជុលសំណង់តូចតាច ក្នុងឧទ្យានអង្គរបានចំនួន ៤៧៥ករណី។
ការអនុញ្ញាតនេះ ធ្វើឡើងតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលជាអ្នកស្រុកចាស់ ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាក់ស្តែង ស្រុកប្រាសាទបាគង បានអនុញ្ញាតបានចំនួន៦៨ ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន៧ ករណី ស្រុកពួកអនុញ្ញាតបានចំនួន១០១ ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន២២០ ករណី និងនៅស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន៧៩ ករណី។
ចំពោះការចុះពិនិត្យ និងការសម្រេចសាងសង់ និងជួសជុលនេះ ក្រុមការងារបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ និងផ្តល់សេវាកម្មដល់ទីកន្លែងតែម្តង ដើម្បីផ្តល់ភាពងាយស្រួល និងសម្រួលដល់ពួកគាត់ ដោយពុំតម្រូវឲ្យអ្នកស្រុកឡើងមកដល់ទីស្នាក់ការកណ្តាលនៃអាជ្ញាធរជាតិអប្សរានោះឡើយ។
ក្នុងនោះផងដែរ នាឆ្នាំ២០១៧កន្លងទៅនេះ ក្រុមការងារសហគមន៍ក៏បានចុះផ្សព្វផ្សាយបេតិកភណ្ឌ សាកសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយគាំពារសុខុមាលភាពមាតានិងទារក ទៅឧបត្តម្ភដល់ស្រ្តីដែលទើបសម្រាលកូនរួច ក្នុងតំបន់ឧទ្យានអង្គរបានចំនួនជាង៦០៥កញ្ចប់ នៅស្រុកគោលដៅដូចជា ស្រុកប្រាសាទបាគង៩៦កញ្ចប់ ស្រុកអង្គរធំបាន៦៩កញ្ចប់ ស្រុកពួកបានចំនួន២០៩កញ្ចប់ ក្រុងសៀមរាបបានចំនួន៩១កញ្ចប់ និងស្រុកបន្ទាយស្រីបាន១៤០កញ្ចប់។
ក្រៅពីនេះ អាជ្ញាធរជាតិអប្សរាក៏បានជួយឧត្តម្ភមនុស្សធម៌ដល់ប្រជាជនដែលមានជីវភាពក្រីក្រ គ្រោះថ្នាក់ដោយភ្លើងឆេះផ្ទះ ទឹកជំនន់ និងជូនជាសម្ភារៈផ្សេងៗដល់វត្តអារាម អាគារសាធារណៈក្នុងតំបន់អង្គរជាដើម៕