(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជាង១០០នាក់ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែម ក្នុងការថែទាំព្យាបាលអ្នកជំង្ងឺឲ្យល្អប្រសើរទាំងសេវាបង់ប្រាក់ និងសេវាមិនបង់ប្រាក់។
លោក កែរ រដ្ឋា បានបញ្ជាក់ថា សព្វថ្ងៃក្នុងមន្ទីរពេទ្យខេត្ត មានអាគារល្អប្រណិតរបស់អង្គការ JICA បំពាក់ដោយឧបករណ៍ទំនើបៗ។ តែទោះយ៉ាងក៏ដោយ ចំនួនអ្នកជំង្ងឺកើនឡើង តែចំនួនគ្រែនៅមានកំរិតនៅឡើយ ដូច្នេះត្រូវបន្ថែមចំនួនគ្រែឲ្យបានច្រើនថែមទៀត ដើម្បីទទួលការព្យាបាលប្រកបដោយមានផាសុខភាព។
លោកកែរ រដ្ឋា បានបន្ថែមទៀតថា «គ្រូពេទ្យរបស់យើងត្រូវខិតខំធ្វើយ៉ាងណា គោរពទៅតាមក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហើយខេត្តរបស់យើងនេះ មានអ្នកមកធ្វើកម្មសិក្សាច្រើនណាស់ ព្រោះជាខេត្តយើងគំរូមួយដែរ ដូច្នេះគ្រូពេទ្យត្រូវបំរើសេវាសុខាភិបាលឲ្យបានល្អ និងធ្វើជាគ្រូពេទ្យគំរូដល់គេ»។
លោក កែរ រដ្ឋា បានបញ្ជាក់ទៀតថា «គ្រូពេទ្យត្រូវបំរើរាស្ត្រដោយភាពស្មោះត្រង់ មិនមែនតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រនោះទេ ហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានគិតគូ យកចិត្តទុកដាក់អំពីសុខភាពរបស់ពលរដ្ឋយើង មានមូលនិធិសមធម៌ និងសេវា ប.ស.ស ដែលអនុគ្រោះសេវាព្យាបាល មិនបង់ប្រាក់ទៅលើជនក្រីក្រចាស់ជរា និងកម្មកររោងចក្រ»។
លោក កែរ រដ្ឋា ក៏បានផ្តាំផ្ញើទៅក្រុមគ្រូពេទ្យកុំទារលុយ ពីអ្នកជំង្ងឺដែលខុសពីគោលការណ៍ នៃច្បាប់។ បើមានករណីកោសរុសអ្នកជំង្ងឺ នឹងមានវិធានការណ៍ទៅតាមច្បាប់។
លោកក៏បានលើកឡើងនូវភាពអសកម្មមួយចំនួន ដូចជា អ្នកជំង្ងឺមកដល់មន្ទីរពេទ្យ គ្មានគ្រូពេទ្យប្រចាំការ គ្រូពេទ្យសម្តីគំរុសគំរើយ មិនយកចិត្តទុកដាក់មើលថែអ្នកជំង្ងឺជាដើម តែចាប់ពីពេលនេះតទៅ ត្រូវកែឥរិយាបទនេះជាបន្ទាន់ ហើយមានឆន្ទៈខ្ពស់ ក្នុងការព្យាបាលអ្នកជំង្ងឺ កែទម្លាប់ខ្ជិលមកជាគ្រូពេទ្យឧស្សាហ៍ព្យាយាម ចៀសវាងកាថ្នាំងថ្នាក់ណាមួយ និងអាចកាត់បន្ថយការស្លាប់របស់អ្នកជំង្ងឺបាន។
លោក កែរ រដ្ឋា ជំរុញឲ្យប្រធានមន្ទីរពេទ្យខេត្ត ត្រូវមើលបញ្ហាអនាម័យឡើងវិញ ព្រោះមានអគារស្អាតតែអនាម័យនៅខ្វះចន្លោះនៅឡើយ ដូចជាបន្ទប់ទឹកមិនស្អាត សំរាមចោលពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញអ្នកជំង្ងឺ និងប្រជាពលរដ្ឋ៕