(តាកែវ)៖ បន្ទាប់ពីបានដឹងពីទុក្ខលំបាកវេទនារបស់ក្មេងស្រីជំទង់វ័យ១៦ឆ្នាំម្នាក់ ដែលកំព្រាឪពុកម្តាយ ខ្វិនដៃខ្វិនជើង និងគរនិយាយមិនរួច ថែមទាំងស្នាក់នៅម្នាក់ឯងថែមទៀតនោះ នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ រួមជាមួយលោក ទេព មនិន្ទ ព្រះរាជអាជ្ញារង បានចុះនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចុះទៅផ្ទាល់ដល់ផ្ទះក្មេងស្រី ហម ពុយ ស្ថិតនៅក្នុងភូមិអូរពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
ម្ដាយមីងក្មេងស្រីកំព្រា ថែមទាំងខ្វិនដៃជើង គ ហើយស្នាក់នៅម្នាក់ឯង បានថ្លែងថា សព្វថ្ងៃជីវិតរស់នៅរបស់ក្មេងស្រីម្នាក់នេះ ពិតជាវេទនាខ្លាំងណាស់ ពោលរស់នៅដូចស្លាប់ទាំងអស់ ព្រោះដេកនៅតែលើផ្ទះម្នាក់ឯង មិនអាចកាន់ដៃហូបបាយដោយខ្លួនឯងបាន ហើយការបត់ដៃជើង គឺបត់នៅកន្លែងដេកលើផ្ទះតែម្ដង។
ជិវិតក្មេងស្រីកំសត់នេះ គឺពឹងទៅលើគាត់ដែលមានផ្ទះឆ្ងាយពីគ្នា យកបាយទឹកមកឲ្យហូបរាល់ថ្ងៃ ដោយគាត់ជាអ្នកបញ្ចុកផ្ទាល់ដៃ ហើយជួយសំអាតផ្ទះដែលក្មេងស្រីបន្ទោបង់នៅនិងកន្លែងដេក។
ម្ដាយមីងក្មេងស្រីកំសត់ម្នាក់នេះ ក៏បានធ្វើការអំពាវនាវដល់សប្បុរសជននានា ដែលមានចិត្តមេត្តា សូមជួយផ្ដល់ជំនួយផ្សេងៗ ដល់ក្មេងស្រីម្នាក់នេះផង ដើម្បីឲ្យនាង មានជីវិតរស់នៅបន្តទៀត ហើយរាល់ពេលដែលនាងឃើញ សប្បុរសជនណាម្នាក់ មកសួរសុខទុក្ខ ឬយកអំណោយឲ្យនាង នាងតែងប្រឹងវាពីកណ្ដាលផ្ទះ មកជិតមាត់ទ្វារទាំងញញឹម ហើយសើចសប្បាយត្រេកអរ និងការមកសួរសុខទុក្ខនាង ហើយតែងតែប្រឹងលើកដៃសំពះ ដល់សប្បុរសជន បើទោះបីជានាងខ្វិនដៃយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ផងដែរថា អំណោយដែលព្រះរាជអាជ្ញា យកទៅចែកជូនដល់ក្មេងកំព្រានោះរួមមាន៖ អង្ករ៥០គីឡូក្រាម ម៉ី២កេះ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិការចំនួន៥០ម៉ឺនរៀល៕