(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំណីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ជាពិសេសណែនាំដល់អាជីវករឲ្យយល់ពីសារសំខាន់ នៃការមើលទំនិញ និងរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ក្នុងន័យការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អ ដែលការចុះពិនិត្យទំនិញនេះនៅផ្សារសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក ឈឹម វាសនា បានឱ្យដឹងថា ដើម្បីធានាដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់និងគ្មានច្បាប់អនុញ្ញាត។
លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានបន្តចុះមកធ្វើតេស្តបឋម (Test Kit) ទៅលើចំណីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សាសាលាក្រៅ ដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ត្រី សរសៃគុយទាវ ប្រហិត និងចំណីអាហារផ្សេងៗមួយចំនួនទៀត ហើយនៅក្នុងឱកាសនោះដែរ លោក ឈឹម វាសនាក៏បានបន្តដឹកនាំមន្រ្តីជំនាញពិនិត្យ មើលទំនិញតាមតូបនីមួយៗ ព្រមទាំងបានធ្វើណែនាំដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាត ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ហើយទំនិញទាំងនេះ ហាមលក់នៅលើទីផ្សារនិងតាមតូបជាដាច់ខាត។
ទន្ទឹមនេះអាជីវករទាំងអស់មុននិងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេទ និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកាល កំណត់ឬខូចគុណភាព ដកហូតដែលនាំឲ្យខាតបង់សេដ្ឋកិច្ចគ្រូសាររបស់បងប្អូន និង ខាតបង់វេលា និងប្រាក់កាក់ផងដែរ។
សូមបញ្ជាក់ថា ក្នុងការធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគមួយចំនួន នៅក្នុងផ្សារសាលាក្រៅ ឱកាសនោះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុហាមឃាត់ ដែលបង្កគ្រោះថ្នាក់ដល់ សុខភាពនោះទេ ក្នុងនោះដែរ ក៏បានដកហូតទំនិញដែលហួសសុពលភាព និងខូចគុណភាពរួមមានដូចជា៖ទឹកម្ទេស៣ ដប ប័រកំប៉ុង៧៤ប្រអប់ នំផ្អែម៥៩កញ្ចប់ ម៉ៃឡូ០១កែវ ទឹកដោះគោះខាប់ ២៣កំប៉ុង ស្រាបៀកំប៉ុង១០៦កំប៉ុង ទឹកផ្លែឈើកញ្ចប់៦០៦កញ្ចប់ ចាហ៊ួយ៧៤កញ្ចប់ធំ កំទេចមី ៨៧កញ្ចប់ធំ=១,៣៩២កញ្ចប់តូច ស្រាបៀដប ២៤ដប ទឹកក្រូចកំប៉ុង៤៣កំប៉ុង ទឹកផ្លែឈើកំប៉ុង ០២កំប៉ុង ម្សៅស៊ុបកញ្ចប់១៥៥កញ្ចប់ ដើម្បីយកទៅរក្សាទុកធ្វើការកំទេចចោល៕