​(ពោធិ៍សាត់)៖​ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ និងសភាពាណិជ្ជកម្មខេត្តសរុប១៩១នាក់។

​លោក ម៉ៅ ធនិន បានសំណូមពរដល់អង្គពិធីទាំងមូល បន្តការខិតខំធ្វើយ៉ាងណាឱ្យទទួលបាននូវធាតុចូលពីគ្រប់តួរអង្គពាក់ព័ន្ធ រដ្ឋបាលខេត្ត នឹងមានបទអន្តរាគមន៍ ចំនួន៨របស់អង្គភាព និងស្ថាប័នជុំវិញខេត្ត។

​បទអន្តរាគមន៍នៅពេលនេះរួមមាន៖
ទី១-ស្នងការនគរបាលខេត្ត អំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន
ទី២-រដ្ឋបាលក្រុងស្តីពីការផ្តល់សេវាសាធារណៈជូនប្រជាជន
ទី៣-មន្ទីរអប់រំខេត្តអំពីការអភិវឌ្ឍន៍វិស័យអប់រំ ឆ្ពោះទៅរក គុណភាព
ទី៤-មន្ទីរកសិកម្ម វិធានការបង្ក្រាបបទល្មើសនេសាទ
ទី៥-រដ្ឋបាលស្រុកកណ្តៀង ការងារភូមិ-ឃុំ មានសុវត្ថិភាព
ទី៦-មន្ទីរសាធារណការ អនុវត្តវិធានការដឹកជញ្ជូនលើសទម្ងន់៧
ទី៧-មន្ទីររៀបចំដែនដីយន្តការដោះស្រាយវិវាទដីធ្លី
ទី៨-មន្ទីរសុខាភិបាល អនុវត្តការងាររបស់ទីភ្នាក់ងារប្រតិបត្តិការ ពិសេសស្រុកបាកាន។

​ក្រៅពីបទអន្តរាគមន៍ នៅមានការចូលរួមផ្តល់យោបល់ឱ្យបានផុលផុស យកទៅអនុវត្តសម្រាប់ឆ្នាំ២០១៨ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានលើកឡើងទៀតថា យន្តការដ៏មានសារសំខាន់ ដោយផ្តល់នូវកាលានុវត្តភាពដល់គ្រប់ប្រតិបត្តិករ ក្នុងវិស័យសាធារណៈ និងឯកជនព្រមទាំងតួរអង្គពាក់ព័ន្ធ ដើម្បីប្រមូលផ្តុំនូវទស្សនៈ​បញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សា ក្នុងការស្វែងរកគន្លឹះបទពិសោធន៍ បញ្ហាប្រឈម ការដោះស្រាយ អនុសាសន៍សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អទាំងគោលការណ៍ និងការអនុវត្តជាដើម។

​នៅក្នុងឱកាសនោះលោក ឃុត​ ឧសភា នាយករដ្ឋបាលសាលាខេត្ត បានជម្រាបជូនរបាយការណ៍លទ្ធផលគ្រប់វិស័យ របស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០១៧ ក៏ដូចទិសដៅឆ្នាំ២០១៨ រួមមាន៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់, ករណីគ្រោះថ្នាក់ចរាចរណ៍, គោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការលើកកម្ពស់អនុវត្តច្បាប់, ការងាររដ្ឋបាលទូទៅ ជាពិសេសមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ទទួលបានស្នាដៃធំៗជូនជាតិមាតុភូមិ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការនាំមកនូវ សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យកាត់បន្ថយភាពក្រីក្រជាបណ្តើៗជូនប្រជាជន៕