(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធ ហត់នឿយជាងបងប្អូនប្រជាពលរដ្ឋច្រើនណាស់ ពេលមានពិធីបុណ្យជាតិធំៗ កម្លាំងប្រឹងប្រែងការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូន មិនឲ្យកើតមានបញ្ហាណាមួយ។
ការលើកឡើងនេះ របស់លោកតំណាងរាស្រ្ត នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រាដែលលោក និងអមដំណើរដោយលោក វ៉ី សំណាង អភិបាលខេត្ត បានអញ្ជើញសំណេះសំណាលជាមួយ កងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ នៅបណ្តាល័យខេត្តកំពង់ស្ពឺ ដែលមានកម្លាំងប្រមាណជាង២០០នាក់។
នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានបន្តទៀតថា ការបង្កើតបណ្ណាល័យដ៏ធំនៅខេត្តកំពង់ស្ពឺ ដើម្បីឲ្យបងប្អូប្រជាពលរដ្ឋ ជាពិសេសកងកម្លាំងមានពេលទំនេរ ក៏ត្រូវមកសិក្សាស្រាវជ្រាវ និងរៀនកុំព្យួទ័រដែរ ផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស រួមទាំងក្មេងៗជំនាន់ក្រោយផងដែរ។ លោកថា កងកម្លាំងជាការពិតដោះសម្លៀកបំពាក់ចេញ ពួកគាត់គឺជាប្រជាពលរដ្ឋធម្មតា ក៏ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល គឺហត់នឿយជាងបងប្អូនប្រជាពលរដ្ឋច្រើនណាស់។ ក្នុងពេលមានពិធីបុណ្យជាតិធំៗ កម្លាំងប្រឹងប្រែងការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋ។ កម្ពុជាត្រូវការយ៉ាងចាំបាច់ការអភិវឌ្ឍន៍ មិនត្រូវការតែសិទ្ធិសេរីភាពតែមួយមុខនោះទេ។
ជាមួយគ្នានេះ លោកតំណាងរាស្ត្រ បានចែកអង្ករ១៥តោន និងថវិកាចំនួន១០លានរៀល បានប្រគល់ជូនអង្គភាពនគរបាល និងអង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយសារតែមានស្នាដៃល្អ លើការងារបង្ក្រាប រួមទាំងការពារសន្តិសុខ ជូនពលរដ្ឋបានប្រសើរ៕