(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងក្នុងបរិវេណ វត្តសមាធិផល ឃាត់ខ្លួននារីសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានវត្ថុតាងគ្រឿងញៀនហ្វេតាមីនអាយចំនួន ៥ថងតូច ស្ថិតនៅភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជាក់នៅថ្ងៃទី០៦ ខែកុម្ភៈនេះថា ពេលទទួលបានព័ត៌មានពីករណីចែកចាយ សារធាតុញៀននៅចំណុចខាងលើនៅវេលាម៉ោង ១៤៖០០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកបានធ្វើសំណើរទៅលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត និងបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន ប្រតិបត្តិការចុះបង្រ្កាបភ្លាមៗនៅនឹងកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់នៅចំណុចភូមិកើតហេតុខាងលើផងដែរ។
ជនសង្ស័យឈ្មោះ ឡៃ ចំប៉ី (ហៅ ថង់រ៉យ) ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៥កូនថង់ ស្មើ ០.៧៣ក្រាម ទូរស័ព្ទដៃចំនួន ០១គ្រឿង ដែកកេះកែឆ្នៃចំនួន០២ កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ទៀតថា កម្លាំងជំនាញ ចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចខាងលើ ហើយក្នុងប្រតិបត្តិការបង្រ្កាបដែលទទួលបានជោគជ័យនេះ គឺយោងទៅលើព័ត៌មានទីតាំង និងការកំណត់មុខសញ្ញាច្បាស់លាស់ ដែលបច្ចប្បន្ន ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕