(ត្បូងឃ្មុំ)៖ ក្រុមការងារជញ្ជីងចល័តនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការអចិត្រៃយ៍ចុះត្រួតពិនិត្យការដឹកជញ្ជូនលើសកម្រិតកំណត់ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំចុះត្រួតពិនិត្យរថយន្តដឹកលើទម្ងន់នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិពោធិ៍រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជាលទ្ធផលប្រតិបត្តិការនេះ បានពិនិត្យរថយន្តធំៗសរុប ៤៥គ្រឿង ហើយរកឃើញរថយន្តចំនួន ៣០គ្រឿងដឹកលើសទម្ងន់កំណត់ចន្លោះពី ៧តោន ទៅដល់ ៤២តោន។ រថយន្តដែលដឹកលើសទម្ងន់កំណត់ទាំង ៣០គ្រឿង ត្រូវបានបញ្ជាឲ្យទម្លាក់ទំនិញចុះ និងផាកពិន័យទៅតាមច្បាប់។
លោក សេង ឈួន បានថ្លែងថា ប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់ នឹងបន្តធ្វើដូចភ្លៀងរលឹមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីការពារផ្លូវថ្នល់របស់ខ្មែរ។
លោក សេង ឈួន បន្តថា ដោយគោរពតាមការណែនាំដ៏ម៉ឹងមាត់ម៉ាត់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការត្រួតពិនិត្យ និងផាកពិន័យលើរថយន្តដឹកលើសទម្ងន់នេះ ធ្វើឡើងដោយគ្មានការលើកឡែងនោះឡើយ ទោះរថយន្តនោះជារបស់អ្នកមានឥទ្ធិពល ឬមានលុយក៏ដោយនោះ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្ទើរតែគ្រប់កម្មវិធីពាក់ព័ន្ធការដឹកជញ្ជូនតែងតែអំពាវនាវដល់អ្នកដឹកជញ្ជូនទាំងអស់ ឲ្យរួមគោរពនូវច្បាប់ដឹកជញ្ជូន ពោលមិនត្រូវដឹកលើសទម្ងន់នោះឡើយ។ លោករដ្ឋមន្ត្រីថា ការដឹកលើសទម្ងន់នេះបានបំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរបំផុត ហើយក្រសួងមិនចង់បានលុយពីការផាកពិន័យរថយន្តដឹកជញ្ជូនលើសទម្ងន់នេះឡើយ ព្រោះមិនអាចយកទៅជួសជុលផ្លូវដែលខូចខាត ដោយការដឹកលើសទម្ងន់នេះបានឡើយ៕