Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួងត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅខេត្តកណ្ដាល ចាប់ពីថ្ងៃ៩-១១ ខែមីនា

06-02-2018 14:35

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកណ្ដាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំបង្កើតគណៈកម្មការអន្តរក្រសួងត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ The River of Peace Friendship and Sustainable of Tourism» ដែលនឹងប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា។

គណៈកម្មការអន្តរក្រសួងត្រៀមរៀបចំបុណ្យទន្លេនេះ មានអនុគណៈកម្មការចំណុះចំនួន៤ទៀត រួមមាន៖ អនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈ ពិព័រណ៍ និងផ្សព្វផ្សាយ អនុគណៈកម្មការរៀបចំសកម្មភាពកីឡា អនុគណៈកម្មការរៀបចំខ្លឹមសារ និងអនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ពិធីបុណ្យនេះមានការតាំងពិព័រណ៍ម្ហូបអាហារជាប្រពៃណី ព្រោះម្ហូបអាហារឆ្លុះបញ្ចាំងពីវប្បធម៌ ប្រពៃណីរបស់សហគមន៍ ទើបកម្ពុជាខិតខំធ្វើឲ្យមានពិព័រណ៍ម្ហូបអាហារផងដែរ ដែលម្ហូបអាហារនោះអាចបម្រើដល់ភ្ញៀវទេសចរ ទៅតាមស្ដង់ដារអន្តរជាតិ។ អ្វីដែលពិសេសក្នុងពិធីបុណ្យទន្លេនេះ គឺមានការរៀបចំព្យុហយាត្រាលើទឹកទន្លេ ហើយតាមទីតាំងភូមិសាស្ត្រ ទីរួមខេត្តកណ្ដាលនៅជិតរាជធានីភ្នំពេញ ដូច្នេះអាចនឹងមានភ្ញៀវទេសចរចូលរួមកម្សាន្តប្រមាណ ១លាន៥សែននាក់។

លោកបន្តថា បុណ្យទន្លេមិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងពីនយោបាយមួយដែលឆ្លើយតបនឹងសក្តានុពលទេសចរណ៍ ដោយបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយអាស៊ាន ដែលជាផលិតផលទេសចរណ៍ ឆ្លើយតបនឹងក្របខណ្ឌនយោបាយយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង មហាអនុតំបន់មេគង្គអាស៊ានមេគង្គ-គង្គា ពិសេសត្រូវរំលេចឲ្យបានសក្ដានុពល សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នៅតាមដងទន្លេមួយនេះ ព្រោះប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ច្រើនណាស់ពីទន្លេមេគង្គ។

សូមជម្រាបថា ទន្លេមេគង្គ ជាទន្លេដែលវែងជាងគេលំដាប់ទី១៧ ក្នុងពិភពលោក និងទី១២ក្នុងទ្វីបអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយឡែកកម្ពុជាទន្លេមេគង្គហូរឆ្លងកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចជាច្រើនទៀត ទាំងនៅប៉ែកខាងលើប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ៕