(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានចូលបំភ្លឺក្នុងនាមជាសាក្សីជុំវិញសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។
ការចូលបំភ្លឺរបស់លោក ឈឹម ផលវរុណ នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការសួរនាំរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាប់ពីម៉ោង៨៖៣០នាទីព្រឹក ដោយបញ្ចប់ត្រឹមម៉ោងប្រមាណ១រសៀល ថ្ងៃដដែលនេះ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ការសាកសួរ នៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ លោក ឈឹម ផលវរុណ បានបញ្ជាក់ថា «ចៅក្រមបានសាកសួរខ្ញុំ ពាក់ព័ន្ធតែរឿងដែលខ្ញុំធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស កាលជំនាន់លោក កឹម សុខា នៅជាប្រធានមជ្ឈមណ្ឌល»។
នៅពេលអ្នកកាសែតសួរអំពីខ្លឹមសារដែល លោក ឈឹម ផលវរុណ បានប្រាប់ចៅក្រមនោះ លោកបានឆ្លើយតបវិញថា «ខ្ញុំមិនអាចនិយាយពីខ្លឹមសារនោះបានទេ ព្រោះជានីតិវិធីរបស់តុលាការ ហើយជាគោរពនូវតួនាទីសេចក្តីថ្លៃថ្នូររបស់បុគ្គល មិនអាចលាតត្រដាងជាសាធារណៈ គ្រាន់តែខ្ញុំអាចនិយាយបានថា តាមសម្បថខ្ញុំនិយាយតែការពិត និងបំពេញតួនាទីជាពលរដ្ឋខ្មែរម្នាក់ដែលគោរពច្បាប់។... ខ្ញុំឆ្លើយនូវអ្វីដែលខ្ញុំដឹង ក្នុងនាមជាសាក្សី»។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស » តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕