(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអរគុណដល់លោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (JCIA) ដែលបានប្រកាសថា នឹងជួយដល់ក្រសួងសង្គមកិច្ច បញ្ចូនអ្នកជំនាញជប៉ុន មកបណ្តុះបណ្តាលមន្រ្តីកម្ពុជា លើជំនាញថែទាំមនុស្សចាស់។
លោក Fumio Yamada បានបញ្ជាក់ជំហរថា នឹងជួយដល់ក្រសួងសង្គមកិច្ច ធ្វើយ៉ាងណា ដើម្បីឲ្យមន្រ្តីកម្ពុជា ទទួលបានជំនាញ ច្បាស់លាស់ ក្នុងការមើលថែមនុស្សចាស់ នៅពេលដែលមានមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។ លោកបានអះអាងថា ប្រទេសជប៉ុន ជាប្រទេសមួយដែលមានមនុស្សចាស់អាយុវែងច្រើន ដូចនេះ មន្រ្តីជំនាញរបស់ជប៉ុន ក៏មានជំនាញច្បាស់ ក្នុងការចូលរួមបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជា ក្នុងការថែទាំមនុស្សចាស់កម្ពុជា ឲ្យមានអាយុកាន់តែវែង និងមានសុខភាពល្អ។
ការថ្លែងរបស់លោក Fumio Yamada បានធ្វើឡើងខណៈ លោករួមនិងក្រុមការងារមួយចំនួនទៀតបាន អញ្ជើញជួបសំណេះសំណាល ជាមួយ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួង។
ជាមួយគ្នានោះរដ្ឋមន្រ្តី វង សូត បានស្នើឲ្យអង្គការជួយលើការងារនេះ ពីព្រោះជំនាញនេះមានសារសំខាន់ និងស្របតាមក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាល ខណៈប្រជាជនមានវ័យចាស់ មានការកើនឡើងច្រើន។ កន្លងមកកម្ពុជា នៅមិនទាន់មានកន្លែងថែទាំ មនុស្សចាស់ ដែលជារបស់រដ្ឋនៅឡើយទេ។
រដ្ឋមន្រ្តីបន្តថា មណ្ឌលថែទាំមនុស្សចាស់ដែលក្រសួងរៀបចំធ្វើ ហើយគ្រោងនឹងរួចរាល់នៅដើម ឆ្នាំក្រោយនេះ គឺធ្វើឡើង ក្នុងគោលដៅ ថែទាំមនុស្សចាស់គ្មានទីពឹង និង ជាសាលាត្រួទពិនិត្យ អប់រំបុគ្គលិក ឲ្យមានជំនាញ ថែទាំមនុស្សចាស់ដែលមានស្តង់ដារ ផ្តល់បទពិសោធន៍ និងកិច្ចសហការ ដល់មណ្ឌលថែទាំ មនុស្សចាស់ របស់រដ្ឋ ឲ្យបានល្អ ដើម្បីបំពេញតម្រូវការ នៃចំនួនមនុស្សចាស់កើនឡើង នាពេលអនាគត។
លោក វង សូត បានបញ្ជាក់ថា បើយោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងចំណោមមនុស្សទូទៅ វ័យចាប់ពី ៦០ឆ្នាំឡើងទៅ មានចំនួន ជាង១លាន២សែននាក់ ស្មើនឹង៨ភាគរយ។ លោកបន្តថា តាមការចាយតម្លៃ និង សិក្សាស្រាជ្រាវ បានឲ្យដឹងថា នាពេលអនាគត ចំនួនមនុស្សចាស់ អាចនឹងមានការ កើនឡើងខ្លាំង ប្រហែលជា ជិត២លាននាក់ ស្មើ១១ភាគរយ។
លោកបានលើកឡើងថា កន្លងមកមក អង្គការនេះ បានជួយបណ្តុះបណ្តាលជំនាញហើយ ជួយឧបករណ៍ ដល់ជនពិការកម្ពុជា ឲ្យមានមុខរបរខ្លួនឯងទៀតផង។
បន្ថែមពីលើនេះ លោក Fumio Yamada រំពឹងថា អង្គការលោក និងសហការជាមួយ ក្រសួងសង្គមកិច្ចឲ្យបានល្អបំផុត ដើម្បី បណ្តុះបណ្តាល ធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើងជាងមុន៕