(កំពង់ស្ពឺ)៖ បេសកកម្ម «Mercedes និង កំណប់អាថ៌កំបាំង» បាននាំយកអ្នកព័ត៌មានកម្ពុជាមួយក្រុមមានគ្នាជិត២០នាក់ ឡើងទៅដល់លើកំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេ និងមានទេសភាពដ៏ត្រកាលនៅក្នុងប្រទេសកម្ពុជាកាលពីសប្តាហ៍កន្លងទៅនេះ។
ក្នុងចំណោមអ្នកព័ត៌មាន រួមនិងបុគ្គលិកមកពីក្រុមហ៊ុន Star Auto Cambodia ក្រុមហ៊ុនចែកចាយរថយន្ត Mercedes នៅកម្ពុជាផងនោះ គឺសុទ្ធសឹងតែជាបុរសទាំងអស់ មាននារីតែម្នាក់ប៉ុណ្ណោះ បានរួមដំណើរឡើងដល់កំពូលភ្នំដែលមានកម្ពស់ជិត ២គីឡូម៉ែត្រនេះផងដែរ។
ក្នុងវ័យទើបតែ២២ឆ្នាំ កញ្ញា ថាន រស្មី ដែលជាអ្នកសារព័ត៌មានម្នាក់ប្រសព្វខាងវោហារវាចារពិរោះ ប្រចាំអង្គភាពព័ត៌មានអេឡិចត្រនិកថ្មីៗ បានខិតខំតស៊ូយ៉ាងស្មិតស្មាញតាំងពីរាជធានីភ្នំពេញ ដើម្បីឡើងឲ្យដល់កំពូលបុព្វតាដ៏ខ្ពស់បំផុតនៅកម្ពុជា។
បើតាមអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់ បានអះអាងថា រស្មី ជានារីបម្រើការក្នុងវិស័យព័ត៌មានដំបូងគេបង្អស់ ដែលបានឡើងដល់កំពូលភ្នំឱរ៉ាល់។ តែទោះជាយ៉ាងណាកន្លងមក ក៏មាននារីខ្មែរមួយចំនួនបានឡើងដល់កំពូលភ្នំនេះផងដែរ តែពួកគេមិនមែនជាអ្នកបម្រើការងារក្នុងវិស័យព័ត៌មាននោះឡើយ។
ការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់មិនមែនជារឿងងាយស្រួលនោះឡើយ។ ថ្វីត្បិតថា ភ្នំឱរ៉ាល់មានកម្ពស់ ១,៨១៣ម៉ែត្រ តែការដើរឡើងភ្នំនេះ គឺត្រូវធ្វើដំណើរលើចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ ដូច្នេះទាំងឡើងទាំងចុះគឺមានចម្ងាយជាង ៤០គីឡូម៉ែត្រ។ ក្រៅពីចម្ងាយផ្លូវឆ្ងាយហើយ ស្ថានភាពផ្លូវទៀតសោតក៏កាន់តែលំបាកទៀត ព្រោះត្រូវឡើងជម្រាលភ្នំចោទខ្ពស់ និងកន្លែងខ្លះត្រូវដើរឆ្លងកាត់ព្រៃស្តុក និងថ្មផងដែរ។
សម្រាប់បុរសៗ ដែលមិនមែនជាអ្នកមានជំនាញឡើងភ្នំនៃក្រុមការងារ «Mercedes និង កំណប់អាថ៌កំបាំង» ទម្រាំតែឡើងដល់កំពូលភ្នំត្រូវឈប់សម្រាកជាច្រើនដង ឈឺចុកចាប់តាមកំភួនជើង តាមភ្លៅ ហើយពួកគេស្ទើរតែបោះបង់ការតស៊ូម្តងៗទៅហើយ។ សម្រាប់កញ្ញា រស្មី ដែលជានារីតែម្នាក់គត់នៅក្នុងក្រុមនេះ បែរជាដើរបានយ៉ាងលឿន ហើយបានឡើងដល់កំពូលភ្នំមុនគេ និងចំណាយពេលវេលាតិចជាងគេរហូតដល់ទៅ ៣-៤ម៉ោងឯណោះ។
ដោយក្ដីសប្បាយរីករាយ អមដោយទឹកមុខញញឹមប្រឹមប្រិយផងនោះ កញ្ញា ថាន រស្មី បានបង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកព័ត៌មាន Fresh News ដែលរួមដំណើរជាមួយកញ្ញាដែរថា កញ្ញាធ្លាប់មានក្ដីស្រមៃចង់ឡើងភ្នំដ៏ខ្ពស់ៗ ចង់ដើរព្រៃជ្រៅៗ ដែលមនុស្សភាគច្រើនមិនទាន់ទៅដល់ ហើយពេលនេះបំណងប្រាថ្នារបស់កញ្ញាសម្រេចបានហើយ ក្រោយតស៊ូជម្នះឧបសគ្គជាច្រើន ទម្រាំបានឡើងដល់កំពូលភ្នំឱរ៉ាល់នេះ។
ជាមួយសំឡេងដង្ហើមដង្ហក់មួយៗ កញ្ញា រស្មី បានបន្តថា ក្នុងការឡើងភ្នំដ៏ខ្ពស់នេះកញ្ញាប្រើប្រាស់កម្លាំងកំហែងដូចគេឯងធម្មតាដែរ ពោលគ្មានថាមពលពិសេសអ្វីទេ ដែលក្នុងដំណើរផ្សងព្រេងដ៏វែងឆ្ងាយហើយខ្ពស់នេះ កញ្ញាបានឈប់សម្រាកជាច្រើនដងជាមួយក្រុមការងារដូចគេដែរ ប៉ុន្តែដោយសារចង់ឃើញកំពូលភ្នំផងនោះ ទើបកញ្ញាប្រឹងតស៊ូទាល់តែបានឡើងដល់កំពូលភ្នំបានសម្រេច។
ខាងក្រោមនេះ ជាបទសម្ភាសន៍ខ្លីមួយរវាងលោក វ៉ាន់ សារាយ និពន្ធនាយករងនៃអង្គភាពព័ត៌មាន Fresh News ជាមួយកញ្ញា ថាន់ រស្មី បុគ្គលិកព័ត៌មានប្រចាំអង្គភាពព័ត៌មានថ្មីៗ ដែលអ្នកទាំងពីរក៏ជាក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» រួមគ្នាផងដែរ៖