(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលា ដើម្បីប្រមូលធាតុចូលសម្រាប់ រៀបចំគោលនយោបាយ សម្រាប់ការបង្កើតធុរកិច្ចឌីជីថល (Start-up Policy Hack)។ នៅថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងវិស័យ Digital ជាច្រើននាក់ ដើម្បីពិភាក្សាគ្នាលើបញ្ហាប្រឈមនានា។
លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា Start-up Policy Hack គឺជាវេទិកាពិសេសមួយ ដែលផ្តល់ឱកាសដល់អ្នកចូលរួម និងដៃគូពាក់ព័ន្ធ ធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថល ជូនដល់អ្នករៀបចំគោលនយោបាយ ដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងការលើកទឹកចិត្តឲ្យមានការប្រកួតប្រជែង ស្មោះត្រង់ និងស្របច្បាប់ សម្រាប់សហគ្រិន និងអ្នកធ្វើនវានុវត្តន៍ក្នុងវិស័យឌីជីថលនេះ។ សិក្ខាសាលានេះ អនុញ្ញាតឲ្យអ្នកចូលរួមនាំយកមកនូវបញ្ហា ប្រឈមជាក់លាក់ ដែលពួកគេកំពុងជួបប្រទះ ក្នុងប្រព័ន្ធអេកូឌីជីថល និងគំនិតនៃរបៀបដោះស្រាយបញ្ហាទាំងនោះ។
លោកបណ្ឌិតបន្តថា បញ្ហាដែលអ្នកចូលរួមនឹងដោះស្រាយ នោះមិនមែនជាការភ្ញាក់ផ្អើល ចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈម ដែលត្រូវបង្ហាញទៅដល់អ្នករៀបចំ គោលនយោបាយ ដូចជា ការចម្រាញ់និងការផ្ទៀងផ្ទាត់ រកដំណោះស្រាយ ដែលបានលើកឡើង តាមរយៈភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការរៀបចំសិក្ខាសាលានេះ ជាការរៀបចំលើកទី១ ដែលការរៀបចំគោលនយោបាយ ត្រូវបានរៀបចំក្នុងវិធីសាស្ត្រពីក្រោមមកលើ ហើយផ្តល់នូវធាតុចូលយ៉ាងសំខាន់ ដល់អ្នកធ្វើគោលនយោបាយ។
លោកបណ្ឌិត កាន ច័ន្ទមេត្តា បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហារំខាន ដល់ការអភិវឌ្ឍឌីជីថល (Digital Distruption) រាជរដ្ឋាភិបាលមិនអាច ធ្វើគោលនយោបាយតែឯងបានទេ ហេតុនេះ Start-up Policy Hack បានអញ្ជើញអ្នកចូលរួម ដែលមានចំណាប់អារម្មណ៍លើការ បង្កើតគោលនយោបាយនេះចូលរួម ដើម្បីបង្កើតជាវិធីសាស្រ្តថ្មីៗ ក្នុងទម្រង់ជាភាពជាដៃគូ ដែលមានលក្ខណៈ បើកចំហ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាច អនុវត្តបាន។
សូមបញ្ជាក់ថា អង្គសិក្ខាសាលាផ្តល់ឱកាស ដល់អ្នកចូលរួមស្វែងយល់នូវគោលគំនិត នៃការរៀបចំគោលនយោបាយ និងបទ-ប្បញ្ញត្តិនានាដូចជា sandboxes ដែលត្រូវបានអនុវត្ត នៅក្នុងបណ្តាប្រទេសមួយចំនួន ដែលកំពុងប្រឈមមុខនឹងវិវាទ និងការធ្វើបទប្បញ្ញត្តិ ក្នុងទិសដៅមានភាពមិនស៊ីសង្វាក់គ្នា ជាទូទៅកើតឡើង ជាមួយនឹងឧស្សាហកម្មប្រពៃណី ដូចជា វិស័យដឹកជញ្ជូន សុខាភិបាល អប់រំ ធនាគារ ព្រមទាំងវិស័យច្រើនទៀត ទន្ទឹមគ្នានឹងការកកើតឡើង នូវបច្ចេកវិទ្យា ដោយប្រើប្រាស់ឌីជីថល ដែលធ្វើនវានុវត្តន៍ដោយក្រុមហ៊ុនថ្មី៕