(ភ្នំពេញ)៖ មន្ត្រីរាជការជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើននាក់ នៅព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានទទួលការបណ្តុះបណ្តាលលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែម សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឲ្យសម្រេចបានជោគជ័យតាមការគ្រោងទុក។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា និងមានកិច្ចសហការរៀបចំពី វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការិយាល័យជំនួយបច្ចេកទេសនៃមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM)។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិនៅកម្ពុជា បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង បានគូសបញ្ជាក់ពីកិច្ចសហការរវាងមូលនិធិរូបិយវត្ថុអន្តរាជាតិ និង រាជរដ្ឋាភិបាលកន្លងមក ក្នុងរូបភាពជាជំនួយបច្ចេកទេស សម្រាប់គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកស្រីបានលើកឡើងថា ផ្អែកតាមបទពិសោធន៍អន្តរជាតិវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណ នេយ្យសាធារណៈអន្តរជាតិ នៅពេលនេះពិតជាមានសារសំខាន់ ព្រោះវានឹងជួយដល់មន្រ្តីកម្ពុជាក្នុងការព្យាករណ៍ និងការគ្រប់គ្រងសាច់ប្រាក់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ លោកស្រីបានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តគាំទ្រងនូវជំនួយបច្ចេកទេសនានាសម្រាប់ការកសាងសមត្ថភាពមន្ត្រីរាជការពាក់ព័ន្ធក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ឆ្នាំទី៤ នៃដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានជោគជ័យជាសារវ័ន្តក្នុងការកសាងបាននូវភាពជឿទុកចិត្តបាន នៃថវិកានៅដំណាក់កាលទី១ និងគណនេយ្យភាពហិរញ្ញវត្ថុនៅដំណាក់កាលទី២ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគណនីទោលរតនាគារជាតិ (National Treasury Single Account), មាតិកាថវិកាថ្មី, ប្លង់គណនីថ្មី, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី១ និងការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកាជាដើម។
លោកបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា ក្នុងដំណាក់កាលទី៣នេះ ឈរលើមូលដ្ឋានជោគជ័យក្នុងដំណាក់កាលទី១ និងទី២ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកា និងបានផ្ទេរការទទួលខុសត្រូវលើការសម្រេចចិត្តកាន់តែច្រើនឡើងទៅកាន់ក្រសួងស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ប្រការនេះ ធ្វើឱ្យតម្រូវការបណ្តុះបណ្តាល និងកសាងសមត្ថភាពមានការកើនឡើងយ៉ាងខ្លាំង។
ក្នុងស្មារតីនេះ នៅឆ្នាំ ២០១៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តស្តីពីការកសាង និង អភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ដែលចង្អុលបង្ហាញថា ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត លើការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាព ផ្អែកលើសេចក្តីត្រូវការចាំបាច់ ដើម្បីឱ្យកម្ពុជាកសាងបាននូវមន្ត្រីរាជការមានសមត្ថភាពជំនាញ និង ជំនឿទុកចិត្តសម្រាប់បំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ តម្លាភាព និង គណនេយ្យភាព ចូលរួមចំណែកសម្រេចគោលដៅនៃការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និង បង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការ និង សំណូមពររបស់ប្រជាជន។
ក្នុងន័យនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិនេះ គឺមានសារ:សំខាន់សម្រាប់មន្ត្រីទទួលបន្ទុកកិច្ចការគណនេយ្យសាធារណៈ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់ការគ្រប់គ្រង និងការព្យាករណ៍សាច់ប្រាក់ឲ្យបានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធភាព ពិសេស ដើម្បីបំពេញតម្រូវការនៃការបើកផ្តល់សាច់ប្រាក់ សម្រាប់ទូទាត់ការចំណាយ គាំទ្រដល់ប្រក្រតីភាព និង ប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាព ក៏ដូចជា ក្រសួងស្ថាប័ន។
លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងឲ្យមន្ត្រីជំនាញទទួលបន្ទុកកិច្ចការគណនេយ្យសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមលក្ខណសម្បត្តិខាងចំណេះដឹង ជាពិសេសក្នុងការស្វែងយល់នូវបញ្ហាប្រឈម និង ដកស្រង់បទពិសោធន៍អំពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ពីមូលដ្ឋានសាច់ប្រាក់ (Cash Basis) ទៅមូលដ្ឋានសាច់ប្រាក់កែសម្រួល (Modified Cash Basis)និង ឆ្ពោះទៅមូលដ្ឋានគណនេយ្យបង្គរ (Accrual Basis)នៅពេលអនាគត៕