(ស្វាយរៀង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសផ្ទេរភារកិច្ចប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី សម្រេចឲ្យលោក ណាល់ វិចិត្រ ទៅទទួលភារកិច្ចជាប្រធានសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ហើយលោក ផឹង និល ដែលប្រធានសាខាកាំកុងត្រូលនៅខេត្តកំពង់ស្ពឺ ត្រូវមកកាន់នៅខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព, ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ, ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាពនៅតាមច្រកនាំចេញ-នាំចូល។ល។
ទន្ទឹមគ្នានះ លោករដ្ឋមន្ត្រីក៏បានផ្តែផ្តាំដល់ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី បន្តពង្រឹងការត្រួតពិនិត្យទំនិញ នៅតាមទីផ្សារនានាថែមទៀត ព្រមទាំងស្វែងយល់អំពីបទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាងនៅក្នុងតំបន់ និងពិភពលោក ហើយត្រូវខិតខំកៀងគរជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់សកម្មភាពការងារ ធានាបាននូវអនុលោមភាពរបស់ទំនិញ នាំចូល-នាំចេញ ដើម្បីការពារសុខមាលភាពជូនប្រជាជន៕