(ភ្នំពេញ)៖ ការប្រឡងគណិតវិទ្យាអូឡាំព្យាដរបស់ប្រទេសសិង្ហបុរី និងសាលាក្នុងតំបន់អាស៊ាន២០១៨ សម្រាប់ជុំប្រកួតនៅកម្ពុជា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨។
ក្នុងនាមជាដៃគូរ SASMO នៅប្រទេសកម្ពុជា អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា នឹងទទួលរៀបចំកម្មវិធីនេះ ក្រោមកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា។
វិញ្ញាសារប្រកួតនេះ មិនមែនតឹ្រមតែរៀបរៀងឡើង ដើម្បីផ្ដោតទៅលើសិស្សឆ្នើមប៉ុណ្ណោះទេ តែក៏ដើម្បីបណ្តុះបណ្ដាលគំនិតឱ្យយុវជនមានការជឿជាក់លើខ្លួនឯងផងដែរ។
ការប្រកួតនេះបានផ្សារភ្ជាប់យ៉ាងល្អ ស្របតាមកម្មវិធីសិក្សា ដោយផ្តោតសារៈសំខាន់ លើលំហាត់គណិតវិទ្យាជាពិសេស។ ការត្រៀម ប្រឡងគណិតវិទ្យាអូឡាំព្យាដរបស់ប្រទេសសិង្ហបុរី និងសាលាក្នុងតំបន់អាស៊ាន ហាក់ដូចជាការត្រៀមប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិមួយផងដែរ។
បេក្ខជនដែលបានចូលរួមប្រឡង SASMOនេះ នឹងអាចមានឱកាសធ្វើការប្រកួតប្រជែងការប្រឡងគណិតវិទ្យាអន្តរជាតិផ្សេងៗទៀតបាន។ ជយលាភីមេដាយមេដាយមាសប្រាក់ និងសំរឹទ្ធិ ពីការប្រឡង SASMO នឹងមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុង ការប្រឡងប្រជែងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិរបស់សិង្ហបុរី (SIMOC៖ Singapore International Math Olympiad Challenge)។
ជយលាភីមេដាយមាសដ៏ឆ្នើម ពីការប្រឡង SASMO បេក្ខជនក៏អាចមានសិទ្ធិចូលរួម ការប្រឡងគណិតវិទ្យា យុវជនអន្តរជាតិ អូឡាំព្យាដផងដែរ។
កាលពីឆ្នាំមុន កម្មវិធីនេះបានទាក់ទាញសិស្សានុសិស្សចូលរួមចំនួនជាង១ពាន់នាក់ គិតចាប់ពីសិស្សថ្នាក់ទី២ ដល់ទី១១ ដែលមកពីសាលារដ្ឋ សាលាអន្តរជាតិនិងសាលាពីរភាសាខុសៗគ្នាចំនួន៤៤។ ចំនួនមេដាយសរុបមានចំនួន៤៥៤គ្រឿង ដែលរួមមានមេដាយមាសចំនួន៨៦ ប្រាក់១៤៧ និងសំរឹទ្ធិ២២១ និងបានប្រគល់ជូនម្ចាស់មេដាយនៅក្នុងកម្មវិធីប្រគល់រង្វាន់ និងជយលាភី ក្រោមអធិបតីភាពលោក អ៊ឹម កុច រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ការប្រកួតនាឆ្នាំនេះដែរ កម្មវិធីប្រឡងនេះនឹងត្រូវបានរៀបចំឡើង ដើម្បីទាក់ទាញបេក្ខជនចូលរួម ឱ្យកាន់តែមានចំនួនច្រើនឡើងៗ និងអាចទទួលបានសមិទ្ធផលល្អ ដែលអាចលើកទឹកដល់សិស្សានុសិស្សឯទៀត ឱ្យខិតខំបន្តឧត្តមភាពលើការសិក្សា សម្រាប់ឆ្នាំក្រោយៗទៀត៕