(ភ្នំពេញ)៖ ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលធ្លាប់រអ៊ូរទាំកន្លងមករឿងផ្លូវពិបាក ក្នុងការធ្វើដំណើរចេញ-ចូលលំនៅដ្ឋាន ដើម្បីប្រកបរបរទទួលទានចិញ្ចឹមជីវិត ពោលផ្លូវមានស្ថានភាពតូចចង្អៀត និងមានជង្ហុកតូចធំច្រើន កើតមានជាសំបុកមាន់ នៅប៉ែកខាងត្បូងជាប់របងវត្តឧត្តរាវត្តី ស្ថិតក្នុងក្រុម៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវនោះ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ពួកគាត់មានការភ្ញាក់ផ្អើល និងសប្បាយចិត្តសារទរជាថ្មីឡើងវិញ បន្ទាប់ពីបានឃើញវត្តមានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ មានការអមដំណើរដោយមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ និងមន្ត្រីក្រុមយុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ ជាច្រើននាក់ បាននាំយករថយន្ដក្រឡុកស៊ីម៉ង់ត៍ មកចាក់ជាបេតុងដើម្បីស្ថាបនាពង្រីកពីផ្លូវតូចចង្អៀតឲ្យទៅជាផ្លូវធំទូលាយ។
លោក ជា ពិសី បានថ្លែងថា ការចាក់ជាបេតុងលប់បំបាត់ជង្ហុគតូចធំ ជាសំបុកមាន់ ក៏ដូចជាពង្រីកផ្លូវបន្ថែមពីតូចចង្អៀត ឲ្យទៅជាផ្លូវធំទូលាយនេះដែរ ត្រូវបានធ្វើឡើងក្រោយពីទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ បើទោះបីជាកញ្ចប់ថវិកាខណ្ឌឆ្នាំ២០១៨ មិនមានក៏ពិតមែន ប៉ុន្តែជាសេវាតម្រូវការនៅចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរ ត្រូវតែធ្វើការដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។
អភិបាលខណ្ឌ បានថ្លែងទៀត សម្រាប់ការងារនេះ អាជ្ញាធរបានគៀងគរថវិកាផ្សេងៗ មកពីសប្បុរសជននានា លើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលកើតមាននៅតាមមូលដ្ឋាននីមួយៗ ដូចជា បញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូ ជាដើម ដើម្បីឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍ ដោយពុំបានគិតពីពេលវេលាឡើយ ដូចអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» និងដើម្បីទីក្រុងស្អាតមានអនាម័យបរិស្ថានល្អ ធ្វើឲ្យការរស់នៅរបស់យើងគ្រប់គ្នា ប្រកបដោយផាសុខភាពល្អ ជាពិសេសថែមទាំងបានជួយលើកស្ទួយ កិត្តិយសប្រទេសជាតិ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើតភ្ញៀវទេសចរណ៍ ដើម្បីទទួលបានជោគជ័យក្នុងវិស័មួយនេះ «ពោល ចាំបាច់ណាស់គឺផ្ដើមចេញ ពីយើងទាំងអស់គ្នា»៕