(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាពព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កម្ពុជា-ឡាវ បានស្វាគមន៍បន្តទៀត ក្នុងកិច្ចសហការ ផ្នែកអធិការកិច្ចឲ្យកាន់តែល្អប្រសើរដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយឡាវ និងអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានឈានដល់ការចុះ MOU ជាមួយគ្នា នៅរដ្ឋធានីវៀងច័ន្ទ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមកនោះ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារនេះ។
នេះជាការថ្លែងរបស់លោកស្រី ម៉ែន សំអន ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា «កម្ពុជា-ឡាវ នឹងបង្កើនការសហការគ្នាបន្ថែមទៀត លើកផ្នែកអធិការកិច្ចឲ្យកាន់តែមានប្រសិទ្ធិភាព។ ពិសេសផ្នែកច្បាប់ ក្រៅពីនេះ ភាគីកម្ពុជាមានបទពិសោធន៍ល្អ និងចែករំលែកដល់ប្រទេសឡាវ។ មិនតែប៉ុណ្ណោះភាគីឡាវ ក៏ត្រូវតែបន្ដចែករំលែកបទពិសោធន៍ល្អៗ ដែលខ្លួនទទួលបានពីបរទេសលើវិស័យអធិការកិច្ច ដល់កម្ពុជា លើការងារស៊ើបអង្កេតនានាពាក់ព័ន្ធ បទល្មើសប្រឆាំងអំពើពុករលួយដែលខ្លួនមានស្រាប់។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានស្នើឲ្យភាគីឡាវ បន្តកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បន្តកិច្ចសហការបន្ថែមទៀត លើវិស័យអធិការកិច្ច ដើម្បីធ្វើឲ្យវិស័យអធិការកិច្ចកម្ពុជា អនុវត្តកាន់តែមានប្រសិទ្ធិភាព។
ជាការឆ្លើយតបលោក ស៊ីណាយ មៀងឡាវ៉ាន់ បានថ្លែងថា អធិការកិច្ចឡាវ នៅតែសុំឲ្យភាគីកម្ពុជា បន្ដផ្ដល់បទពិសោធន៍ និងចែករំលែកការងារអធិការកិច្ចដល់អាជ្ញាធរឡាវ ពិសេសចែករំលែក ពីការស៊ើបអង្កេតរបស់អង្គភាពអធិការកិច្ចទៅកាន់ភាគីឡាវ។ ឡាវក៏បានចែកលែកបទពិសោធន៍ នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ អន្តរជាតិផងដែរ បើសិនជាមានចំណុចណាល្អភាគីទាំងពីរ នឹងយកទៅរៀនសូត្ររួមគ្នា។
លោកបានបញ្ជាក់ថា កន្លងមកកម្ពុជា-ឡាវ មិនទាន់មានបទល្មើសកើតឡើង សម្រាប់ដោះស្រាយរួមគ្នា តែបទល្មើសអាចនឹងកើតមានដោយយថាហេតុណាមួយទើប នៅថ្ងៃនេះ អាជ្ញាធរឡាវសម្រេច មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ភាគីទំាង២បានប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទៅលើផ្នែកប្រឆាំងអំពើពុលរលួយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕