(រតនគិរី)៖ អាជ្ញាធរជាតិអាវុធគីមី នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ផ្សព្វផ្សាយច្បាប់ ស្តីពីហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្នុងខេត្តរតនគិរី។
ពិធីផ្សព្វផ្សាយនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាព លោកឧត្តមសនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរងអាជ្ញាធរជាតិអាវុធគីមី និងលោក យឹម ផែន អភិបាលរងខេត្ត។
លោកឧត្តមសនីយ៍ឯក ហេង វុទ្ធី បានថ្លែងឆ្លើយតបទៅ និងសភាពការណ៍បច្ចុប្បន្ន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរអាវុធគិមី អគ្គលេខាធិការដ្ឋានអាជ្ញាធរអាវុធគីមី បានដាក់ចាញនូវកម្មវិធីផ្សព្វផ្សាយច្បាប់ នាពេលនេះ ក្នុងន័យចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ ពីមហន្តរាយ និងផលប៉ះពាល់ពីសារធាតុអាវុធគីមី អាវុធនុយក្លេអែ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។
លោកបានបញ្ជាក់ទៀតថា អំពីស្ថានភាពបច្ចុប្បន្នទាក់ទងទៅនឹងជនរងគ្រោះដោយសារ គ្រាប់បែកគីមីដែលទម្លាក់ដោយសហរដ្ឋអាមេរិច នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើបញ្ហានេះ ព្យាបាលជនរងគ្រោះដោយសារគ្រាប់បែកគីមីដោយឥតគិតថ្លៃ មិនតែប៉ុណ្ណោះដើម្បីជាការងាយស្រួល ដល់ការស្វែងរកសេវាសុខភាព ដែលនៅជិតផ្ទះ និងកាត់បន្ថយការចំណាយ និងទាន់ពេលវេលា ក្រសួងសុខាភិបាល នឹងសាងសង់មណ្ឌលសុខភាពមួយជូនប្រជាពលរដ្ឋ នៅក្នុងឃុំគគីរនេះផ្ទាល់តែម្តង។
លោកបន្ថែមថា បញ្ហាអាវុធគីមី អាវុធជីវសាស្រ្ត អាវុធនុយក្លេអែ និងអាវុធវិទ្យុសកម្ម បានគំរាមកហែងយ៉ាងធ្ងន់ធ្ងរលើសន្តិសុខ សន្តិភាព និងស្ថេរភាព ក្នុងតំបន់ និងពិភពលោក។ ជាក់ស្តែងការរកឃើញសារធាតុគីមីនៅខេត្តស្វាយរៀង នាពេលថ្មីៗ នេះភស្តុតាងមួយបញ្ជាក់ថា កម្ពុជាពិតជាមានគំរាមកំហែងពីអាវុធគីមី អាវុធនុយក្លេអែ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ដូច្នេះត្រូវមានការការពារ ការរាវរកឆ្លើយតបឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការរីករាលដាល់ និងផលប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេសការរារាំងដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។
តាមរយៈពិធីផ្សព្វផ្សាយច្បាប់នេះ លោកឧត្តមសនីយ៍ឯក ហេង វុទ្ធី មានជំនឿយ៉ាងមុតមាំថា ពិតជានាំបានមកនូវបទពិសោធន៍ និងមេរៀនថ្មីៗ ល្អៗ ក្នុងងការចែករំលែកដល់អ្នកចូលរួម ដើម្បីសិក្សាស្វែងយល់ និងផ្តល់ការពិភាក្សាឲ្យបានផុលផុសហើយសំនួរ ឬបទអន្តរាគមន៍ របស់អ្នកចូលរួម ពិតជាមានតម្លៃសម្រាប់ឲ្យផ្សព្វផ្សាយច្បាប់ទាំងមូល ដើម្បីសម្រេចបានគោលដៅរបស់ខ្លួនក្នុងការការពារ ការវាវរក ការត្រៀមទុក និងការឆ្លើយតប ពីហានិភ័យដែលបណ្តាលមកពីអាវុធគីមី អាវុធនុយក្លេអែ អាវុធជីវសាស្រ្ត អាវុធវិទ្យុសកម្ម និងសារធាតុគីមី៕