(ព្រះវិហារ)៖ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងទៅកាន់ថ្នាក់ដឹកនាំមូលដ្ឋានថា «បើចង់បានបេះដូងពីរាស្ត្រ ត្រូវយកបេះដូងខ្លួនឯងទៅបម្រើរាស្ត្រ តាមរយៈការធ្វើអំពើល្អគ្រប់បែបយ៉ាង»។
ជាមួយគ្នានេះ លោក ឌី ផេន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឆែប ខេត្តព្រះវិហារ និងលោក ច័ន្ទ សុភ័ក្ត្រា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប បានថ្លែងទៅកាន់ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជននៅតាមមូលដ្ឋាន ឲ្យពួតដៃគ្នាចុះជួបផ្ទាល់ជាមួយ ប្រជាពលរដ្ឋដើម្បីដឹងសុខទុក្ខ ពីប្រជាពលរដ្ឋ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមរបស់ពួកគាត់។
ការថ្លែងបែបនេះ របស់ប្រធានក្រុមពង្រឹងចុះជួយស្រុកឆែប នៅពេលនោះ ក្នុងឱកាសដែលគណបក្សបក្សប្រជាជនកម្ពុជាស្រុកឆែប នៅសប្តាហ៍នេះ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត របស់អង្គមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។
លោក ឌី ផេន និងលោក ច័ន្ទ សុភ័ក្ត្រា បានបន្តថា បច្ចុប្បន្ននេះទោះបីអតីតគណបក្សប្រឆាំង ត្រូវបានតុលាការកំពូលចេញដីការំលាយក៏ដោយ ក៏មិនទាន់ដឹងថា សមាជិក និងថ្នាក់ដឹកនាំរបស់បក្សប្រឆាំង ចូលមករួមរស់ជាមួយបក្សប្រជាជន១០០ភាគរយនោះទេ ដែលករណីនេះក៏មិនបណ្តាលមកពីគេ ស្អប់គណបក្សប្រជាជនកម្ពុជាដែរ ប៉ុន្តែជាហេតុផលជាក់ស្តែង គេស្អប់បុគ្គលមួយចំនួន របស់គណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ។ ដូច្នេះចាប់ពីថ្ងៃនេះតទៅ បើចង់បានបេះដូងពីប្រជាជន ត្រូវបម្រើប្រជាពលរដ្ឋឲ្យអស់ពីបេះដូងដែរ ដែលករណីនេះ ក្រុមការងាចុះមូលដ្ឋានទាំងអស់ ត្រូវតែធ្វើឲ្យបាន ដើម្បីយកជ័យជម្នះជូន គណបក្សប្រជាជនកម្ពុជា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយត្រូវយកសេចក្តីសម្រេច របស់អង្គមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស ទៅផ្សព្វផ្សាយដល់សមាជិក នៅតាមមូលដ្ឋានឲ្យបានយល់ជ្រួតជ្រាបគ្រប់ៗគ្នា។
ជាមួយគ្នានេះ លោក សុខ សាន្តតារា អនុប្រធានក្រុមការងារចុះជួយស្រុកឆែប បានឡើងអានសេចក្តីសម្រេច របស់ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ តែងតាំងប្រធានក្រុមការងារ ចុះជួយស្រុកឆែបរួមមាន៖ លោក ឌី ផេន សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ត្រូវបានតែងតាំងជាប្រធានក្រុមការងារចុះជួយស្រុកឆែប លោក ច័ន្ទ សុភ័ក្ត្រា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ត្រូវបានតែងតាំងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកឆែប៕