(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ស្ថិតក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនូវសមិទ្ធផលនានា ដែលជាស្នាដៃសម្រេចបាន របស់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធ ក្នុងការបំពេញភារកិច្ចក្នុងឆ្នាំ២០១៧។
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានលើកឡើងថា អង្គសន្និបាតបូកសរុបរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ នឹងប្រើប្រាស់រយៈពេល២ថ្ងៃ ដោយជ្រើសរើសប្រធានបទចំនួន៤ចំណុច មកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ យកមកអនុវត្តការងារនៅឆ្នាំ២០១៨ ឲ្យបានល្អ ក្នុងនោះរួមមាន ទី១៖ គោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព និងបញ្ហាចរាចរ, ទី២៖ បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម, ទី៣៖ ការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤៖ បញ្ហាប្រឡាយលូ និងសំណង់ខុសច្បាប់។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលរាជធានី ធ្វើយ៉ាងណាឲ្យមូលដ្ឋានទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ទទួលបានភាពល្អប្រសើរ ពិសេសធ្វើយ៉ាងណាអនុវត្តឲ្យបាន៩ចំណុច ដែលធ្វើឲ្យភូមិ ឃុំមានសុវត្ថិភាព។
សូមជម្រាបថា សន្និបាតក៏មានការចូលរួមពី ប្រធានសាលាដំបូង, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី, អភិបាលខណ្ឌ-អភិបាលរងខណ្ឌទាំង១២ និងលោក លោកស្រីជាថ្នាក់ដឹកនាំពាក់ព័ន្ធ ប្រមាណ៥០០នាក់ផងដែរ៕