(ភ្នំពេញ)៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី បានឯកភាព ក្នុងការបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួន ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីលទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ចរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងដំណើរទស្សនកិច្ចនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាជាមួយ លោកស្រី រេដណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយភាគីឥណ្ឌូនេស៊ី ក៏បានឯកភាពតាមការអញ្ជើញរបស់ភាគីកម្ពុជា បញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតឥណ្ឌូនេស៊ី ដើម្បីចូលរួមសង្កេតការណ៍ ការបោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំមន្រ្តីការទូតកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឥណ្ឌូនេស៊ី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែកុម្ភះ ឆ្នាំ២០១៨។ ទស្សនកិច្ចនេះមានបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងប្រទេសទាំងពីរ៕