(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។
បើតាមសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រៅពីតំបន់ជួរភ្នំដងរែក សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។
ជាមួយនឹងស្ថានភាពចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕