(កំពត)៖ ក្រៅពីការចុះទៅមូលដ្ឋាន ដើម្បីពាំនាំ ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត បានថ្លែងណែនាំ និងសង្កត់ធ្ងន់ ដល់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត គ្រប់លំដាប់ថ្នាក់ឲ្យចេះយកឱកាស នៃការចុះបំពេញការងារនៅតាមខ្នងផ្ទះ តាមភូមិ ធ្វើការក្តាប់ព័ត៌មានពីប្រជាពលរដ្ឋ អំពីផលដែលពួកគាត់ទទួលបាន ពីការអនុវត្តន៍គោលនយោបាយ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ការថ្លែងបែបនេះ គឺក្នុងឱកាសលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត នាថ្ងៃច័ន្ទ ០៥ រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនិងថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត។
ជាការសំខាន់ណាស់ ដែលមន្រ្តីយើងគ្រប់លំដាប់ថ្នាក់ ត្រូវតែជំរុញការអនុវត្តន៍ គោលនយោបាយរបស់សម្តេចតេជោ ឲ្យបានដល់ដៃប្រជាពលរដ្ឋគ្រប់រូប ដូចជា៖
- ការតំឡើងប្រាក់បៀវត្ស អប្បបរមា ដល់កម្មករ កម្មការីនី ដល់ ១៧០ដុល្លារក្នុង១ខែ
- ការសម្រួលដល់កម្មការីនីដែលមានផ្ទៃពោះ អាចចេញពីធ្វើការមុនម៉ោងយ៉ាងតិច ១៥នាទី
- កម្មការីនីដែលសម្រាកលំហែមាតុភាព ត្រូវបានអនុញ្ញាតឲ្យសម្រាករយៈពេល ៣ខែ ដោយទទួលបានប្រាក់ខែ ១២០% និងប្រាក់ឧបត្ថម្ភ ៤០០,០០០រៀល នៅពេលសម្រាលបានកូនម្នាក់
- ជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ កម្មការីនី ដោយជិះរថយន្តក្រុងរបស់រដ្ឋ ដោយមិនគិតប្រាក់
- កម្មករ កម្មការីនី បានទទួលសេវាសុខាភិបាលរបស់រដ្ឋ ដោយមិនគិតប្រាក់។
ជារួមលោកទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារ បានចាត់ទុកថា បេសកកម្ម នៃការចុះជួបប្រជាពលរដ្ឋ តាមរយៈការធ្វើវេទិការសាធារណៈ ឬការចុះជួបផ្ទាល់តាមភូមិ ឬខ្នងផ្ទះ គឺជាកិច្ចការដ៏សំខាន់ ក្នុងដំណាក់កាល ដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់នានាសំដៅដល់ការលើកកំពស់កំរិតជីវភាព សុខមាលភាព និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន កងកំលាំងប្រដាប់អាវុធ និង បងប្អូន កូនក្មួយ ជាកម្មករ កម្មការនី រហូតដល់បងប្អូនដែល បំពេញការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង។ ក្រៅពីនេះ នៅមានគោលនយោបាយថ្មីមួយទៀត ដែលប្រមុខ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់។
ដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធិភាពលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន ដាស់តឿនឲ្យក្រុមការងារចុះមូលដ្ឋាន ខេត្តកំពតគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់ នូវអភិក្រមរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ទាក់ទងបញ្ហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារ បានបញ្ចាក់បន្ថែមថា អភិក្រមថ្មី ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញបន្ថែមលើអភិក្រមចាស់ គឺ «វះកាត់» សំដៅវះកាត់រាល់បាតុភាពអសកកម្ម និងមន្ត្រីអសកម្មទាំងឡាយ ដើម្បីបម្រើ និងបំពេញសំណូមពរប្រជាពលរដ្ឋឲ្យអស់ពីចិត្តពីថ្លើម៕