(ព្រះវិហារ)៖ ក្នុងរយៈពេលឆ្នាំ២០១៧កន្លងទៅនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះបញ្ជីយានយន្តបានចំនួន១៩៣៧គ្រឿង ក្នុងនោះ ទោចក្រយានយន្តចំនួន១៨០៧គ្រឿង ត្រីចក្រយានយន្ត១គ្រឿង (ម៉ូតូកង់៣), រថយន្តចំនួន១១៨គ្រឿង ព្រមទាំងយានដ្ឋានចំនួន១១កន្លែងផងដែរ។
នេះបើតាមរបាយការណ៍សង្ខេបប្រចាំឆ្នាំ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ក្រៅពីការងារស្នូល ក្នុងការសាងសង់ និងជួសជុលផ្លូវជាតិ ផ្លូវក្នុងខេត្ត ស្រុកផ្លូវលំនានា, មន្ទីរបានជំរុញការអនុវត្តយ៉ាងសកម្ម ទៅលើការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ បានធ្វើការចុះបញ្ជីយានយន្តបានចំនួន១៩៣៧គ្រឿង រួមមាន៖ ទោចក្រយានយន្តចំនួន១៨០៧គ្រឿង ត្រីចក្រយានយន្ត១គ្រឿង រថយន្ត១១៨គ្រឿង និងយានដ្ឋានជួសជុលរថយន្ត១១កន្លែងផងដែរ។
ជាមួយគ្នានេះផងដែរ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានសម្រេចការងារធំៗជាច្រើនរួមមាន៖
* បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តបានចំនួន១៥៥៩គ្រឿង
* បានធ្វើបច្ចុប្បន្នភាពយានដ្ឋាន សរុបទាំងអស់មានចំនួន៣៧កន្លែង ដែលមានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម
* បានផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចំនួន០៧លើក
* បានចុះបិទស្ទីកគរ័ចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍ និងយានយន្តបានចំនួន២៧២០សន្លឹក
* បានចាប់ឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស យកទៅកាត់ទ្រុងចេញ និងឃាត់រថយន្តដឹកលើសទម្ងន់ យកទៅពិន័យតាមច្បាប់បានជាច្រើនគ្រឿងផងដែរ។
ទាក់ទងនិងតួលេខ នៃការចុះបញ្ជីរយានយន្តក្នុងឆ្នាំ២០១៧កន្លងទៅ រហូតមកដល់ឆ្នាំ២០១៨នេះ លោកសំ លាងទ្រី បានតាមការប៉ាន់ស្មានថា យានយន្តដែលមិនទាន់ចុះបញ្ជី គឺនៅមានចំនួនតិចតួចទេ ហើយលោកក៏សូមអំពាវនាវឲ្យម្ចាស់យានយន្តដែលមិនទាន់បានចុះបញ្ជី សូមអញ្ជើញមកចុះបញ្ជីឲ្យបានគ្រប់ៗគ្នា។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ផងដែរថា ការចុះបញ្ជីយានយន្តមានសារសំខាន់ណាស់ សំរាប់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់យានយន្តគ្រប់់ៗរូប ព្រោះនៅពេលដែលមានបញ្ហា លើយានយន្តរបស់លោកអ្នក ដូចជាការបាត់បង់ យើងអាចយកប័ណ្ណសម្គាល់យានយន្តរបស់យើងទៅប្តឹងសមត្ថកិច្ច នោះសមត្ថកិច្ចនឹងមានការងាយស្រួលក្នុងការស្រាវជ្រាវរកជូន ហើយនៅពេលកើតគ្រោះថ្នាក់ចរាចរណ៍ ក៏យើងមានភាពងាយស្រួល ក្នុងការស្រាវជ្រាវនៅពេលដែលម្ចាស់យានយន្តគេចខ្លួនពុំទទួលខុសត្រូវ ដូច្នេះសូមបងប្អូនយកយានយន្ត មកចុះបញ្ជីឲ្យបានគ្រប់ៗគ្នា និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោគបានគ្រប់ៗគ្នាផងដែរ៕