(ភ្នំពេញ)៖ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានចូលបំភ្លឺក្នុងនាមជាសាក្សី ជុំវិញសំណុំរឿងក្បត់ជាតិរបស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។ រហូតដល់ម៉ោង១១៖០០នាទីព្រឹកនេះ លោក ឈឹម ផលវរុណ កំពុងស្ថិតនៅក្រោមការសួរនាំរបស់ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងដីកាកោះកន្លងទៅ តុលាការបានកំណត់ឱ្យ លោក ឈឹម ផលវរុណ ចូលបំភ្លឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៨៖៣០នាទីព្រឹក នៅជាន់ទី៣ បន្ទប់គ នៃសាលាដំបូងរាជធានីភ្នំពេញ។ លោក ឈឹម ផលវរុណ ត្រូវនាំទៅជាមួយ នូវឯកសារផ្សេងៗ ដែលទាក់ទងនឹងករណីនេះ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស » តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕