(ស្វាយរៀង)៖ ដើម្បីសម្រួលដល់ការវិភាគទំនិញម្ហូបអាហារនៅតាមច្រកត្រួតពិនិត្យព្រំដែន និងទីផ្សារ សំដៅការពារសុខមាលភាពប្រជាជន និងផលប្រយោជន៍សេដ្ឋកិច្ច តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការគ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានកាំកុងត្រូល បានដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ខ្នាតតូចទី២ នៅសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្រោមគណ:អធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ែន វិបុល អភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង។
ថ្លែងនៅក្នុងពិធីសម្ពោធដែលរៀបចំឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ខ្នាតតូចនេះ នឹងជួយពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យទំនិញ ជាពិសេសធានាបានូវភាពអនុលោមតាមកម្មវិធីអភិក្រមគ្រប់គ្រងហានិភ័យ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។ លើសពីនេះមន្ទីរពិសោធន៍នេះ ក៏នឹងឆ្លើយតបទស្សនទានរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ គឺជាអតុល្យភាព (ចំណុចអវិជ្ជមាន) ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ។
លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីកាំកុងត្រូលទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចឈានទៅបានលទ្ធផលការងារជាច្រើនដូចជា៖ ការរឹបអូសទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលចរាចរនៅលើទីផ្សារ ការទប់ស្កាត់ និងកម្ទេចទំនិញពុំមានភាពអនុលោមផ្នែកគុណភាព និងសុវត្ថិភាព នៅតាមច្រកនាំចេញ-នាំចូល។ល។
ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រីក៏បានផ្តែផ្តាំដល់ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀងថ្មី បន្តពង្រឹងការត្រួតពិនិត្យទំនិញនៅតាមទីផ្សារនានាថែមទៀត ព្រមទាំងស្វែងយល់អំពីបទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាងនៅក្នុងតំបន់ និងពិភពលោក ហើយត្រូវខិតខំកៀងគរជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់បម្រើដល់សកម្មភាពការងារ ធានាបាននូវអនុលោមភាពរបស់ទំនិញនាំចូល-នាំចេញ ដើម្បីការពារសុខុមាលភាពជូនប្រជាជន។
គួររំលឹកដែរថា តាមរយៈការដាក់ឱ្យអនុវត្តន៍នូវថវិកាកម្មវិធី ដែលជាផ្នែកនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានកាំកុងត្រូល និងក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលលើគម្រោងកសាងមន្ទីរពិសោធន៍ខ្នាតតូចចំនួនបី ក្នុងឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ ក្នុងឆ្នាំ២០១៧ អគ្គនាយកដ្ឋានកាំកុងត្រូល បានកសាងបញ្ចប់អាគារបីថែមទៀត នៅខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។ ចំណែកក្នុងឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋាន នឹងបន្តកសាងអាគារចំនួនបីទៀត នៅកំពង់ផែអន្តរជាតិភ្នំពេញ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ (ច្រកប៉ុស្តិ៍បឹងត្រកួន)៕