(ភ្នំពេញ)៖ សភាពការណ៍សន្ដិសុខនៃកម្ពុជានៅឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើរ រក្សាបាននូវតួនាទីជាបុព្វបទស្មួល បម្រើឲ្យការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ និងរួមចំណែកសម្រេចកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយបញ្ច្រៀសបាននូវអំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រក្សារឹងមាំខឿនឯករាជ្យជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។
នេះបើយោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានបង្ហាញនូវក្នុង សន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំកន្លងទៅសភាពការណ៍សន្ដិសុខនៅកម្ពុជា លេចធ្លោរគួរកត់សម្គាល់ គឺឧបាយកលប៉ុនប៉ងផ្ដួលរំលំ រដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំង ដែលមានការឃុបឃិតជាមួយបរទេស ការរីកសាយនៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើសប៉ះពាល់ដល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើសកម្មភាពជម្រិតទារប្រាក់ និងសកម្មភាពភ្នាល់ល្បែងអនឡាញខុសច្បាប់»។
របាយការណ៍ដដែលបង្ហាញថា «ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឧបាយកលនេះត្រូវបានទប់ស្កាត់ និងបំផ្លាញតាមរយៈការអនុវត្តវិធានការច្បាប់យ៉ាងហ្មឹងម៉ាត់ ដែលនាំដល់ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ, គណបក្សសង្គ្រោះជាតិត្រូវបានតុលាការចេញដីការំលាយ ហើយថ្នាក់ដឹកនាំគណបក្សនេះ១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល០៥ឆ្នាំ»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានលើកឡើងក្នុងរបាយការណ៍នេះថា ប្រធានគណបក្សអំណាចខ្មែរ (សួន សេរីរដ្ឋា) និងប្រធានគណបក្សរួបរួមជាតិ (ញឹក ប៊ុនឆៃ) ព្រមទាំងជនល្មើស៣រូប ត្រូវបានចាប់ខ្លួនពីបទញុះញុងបំបែកបំបាក់កងយោធពលខេមរភូមិន្ទ បទជួញដូរគ្រឿងញៀន និងផ្ដល់ព័ត៌មានឲ្យវិទ្យុបរទេសខុសច្បាប់ ជាមួយនោះល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើណេត ចំនួន៣ករណី ត្រូវបានបង្ក្រាប ចាប់ខ្លួនជនជាតិចិន៣០៧នាក់ បញ្ជូនទៅតុលាការ៕