(កំពត)៖ សណ្ឋាគារ ឡឺ បូកគោ ផាឡេស (កាស៊ីណូចាស់ លើភ្នំបូកគោ) ដែលជាសណ្ឋាគារមួយដ៏ប្រណិត និងមានប្រវិត្ដសាស្ដ្រតាំងពីទសវត្សរ៍ឆ្នាំ១៩២០ ត្រូវបានជួសជុលឡើងវិញ ដោយសណ្ឋាគារ និងរមណីយដ្ឋានសុខា នៃក្រុមហ៊ុន «សុខា» ដើម្បីបើកសម្ពោធសារជាថ្មី នៅដើមឆ្នាំ២០១៨ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ប្រមាណជិត២០នាក់ ក្នុងដំណើរទស្សនកិច្ច នៅលើភ្នំបូកគោ ដែលរៀបចំដោយក្រុមហ៊ុន «សុខា» នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោក FRUGERE F. Philippe អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ឡឺ បូកគោ ផាឡេស បានបញ្ជាក់ថា «ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារប្រវិត្តសាស្ដ្រ និងជារតនសម្បត្ដិរបស់ប្រទេសកម្ពុជា»។
អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារ ឡឺ បូកគោ ផាឡេសរូបនេះ បានបន្ដទៀតថា ក្រុមហ៊ុនបានជួសជុលសំណង់អគារនេះសារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និងបង្កើតឡើងវិញ នូវរចនាបទផ្ទៃខាងក្នុងបែបអាណានិគម ជាមួយនឹងគ្រឿងបំពាក់បន្ទប់ទឹក ដែលនាំចូលមកពីប្រទេសអ៊ីតាលី និងឥដ្ឋការ៉ូដ៏ប្រណិត ដែលនាំចូលពីប្រទេសអេស្ប៉ាញ។
លោកបន្ដថា «ក្រោយពីជួសជុលរួចរាល់ សំណង់អគារអាណានិគមដ៏ធំស្កឹមស្កៃនេះ នឹងត្រួវការបានបើកសម្ពោធនៅដើមឆ្នាំ២០១៨ ដែលមានបន្ទប់ស្នាក់នៅ និងបន្ទប់ស្វីតដ៏ប្រណិតចំនួន៣៦បន្ទប់ ភោជនីយដ្ឋានចំនួន២ ដែលបង្ហាញនូវប្រណិតភាពនៃសណ្ឋាគារនេះ នាសម័យអតីតកាល ចុងភៅ ស្វីល និងខ្មែរ បានរៀបចំនូវមុខម្ហូបកាលពី១០០ឆ្នាំមុន និងម្ហូបអាហារ គ្រួសារ រាជវង្សខ្មែរ ជាមួយនឹងបន្លែសិរីរាង្គ និងគ្រឿងផ្សំថ្មីស្រស់ ដែលដាំនៅក្បែរចំការបន្លែ»។
លោក FRUGERE F. Philippe បានឲ្យដឹងទៀតថា ឈ្មោះសណ្ឋាគារ ឡឺ បូកគោ ផាឡេស ត្រូវបានរក្សាទុក ក៏ដូចជាការរក្សាទុកនូវប្រវិត្ដសាស្ដ្រ នៃអាណានិគម និងព្រះករុណា ព្រះបាទ ព្រះបរមរតនកោដ សម្ដេចព្រះ នរោត្ដម សីហនុ។
លោកថា សំណង់អាគារនិគមសេសសល់ ដែលនៅតែអាចមើលឃើញ នាពេញបច្ចុប្បន្នរួមមាន៖ ផ្ទះជប៉ុន ព្រះវិហារការតូលិក វត្ដសំពៅប្រាំ ដំណាក់ស្លាខ្មៅ ដំណាក់ស្ដេច សាលាក្រុង និងសំណង់អាគារអាណានិគមជាច្រើនទៀត ដែលមានស្ទើរតែគ្រប់ទីកន្លែង និងតែងតែត្រូវបានគ្របដណ្ដប់ដោយអ័ព្ទ។
ទន្ទឹមនេះ ភ្ញៀវទេសចរដែលស្នាក់នៅសណ្ឋាគារ ឡឺ បូកគោ ផាឡេស ដែលត្រូវបានគេស្គាល់ថា រមណីដ្ឋានសុខភាពបែបធម្មជាតិ ក៏អាចទៅទស្សនាបឹងលើភ្នំដ៏ស្រស់ត្រកាល ទឹកជ្រោះពពកវិលដ៏ស្រស់ស្អាត ថ្មដែលបង្កើតជារូបរាងខុសៗគ្នា ជាច្រើននៅវាលស្រែ ១០០ និងរូបរាងដ៏អស្ចារ្យ នៃនិមិត្ដច្រកទ្វាររវាងឋានសួគ៌ និងឋានមនុស្ស។
ការតាំងសមាធិកត្រូវបានគេណែនាំឲ្យធ្វើនៅលើភ្នំបូកគោ ជាពិសេសវាលស្រែ៥០០។ ភ្នំបូកគោ ជាកន្លែងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលមានផ្កាបំពង់ក្រឡោម ដែលត្រូវបានអ្នកស្រុក យកមកប្រើប្រាស់ជាឱសថ។
សូមបញ្ជាក់ថា សណ្ឋាគារ ឡឺ បូកគោ ផាឡេស មានទីតាំងស្ថិតនៅចន្លោះតំបន់ព្រៃត្រូពិច និងឆ្នេរសមុទ្របៃតងលើឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ក្បែរក្រុងកំពត ត្រូវបានបើកសម្ពោធ នៅថ្ងៃទី១៤ ឆ្នាំ១៩២៥ ដោយបម្រើជូនរាជវង្សានុវង្ស និងអភិជនជាច្រើនទសវត្សរ៍។
សណ្ឋាគារនេះ ត្រូវបានបើកឡើងវិញនៅដើមឆ្នាំ១៩៦២ ដោយព្រះកុរណា សម្តេចព្រះបរមរតនកោដ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ដែលផ្ដល់សេវាកម្ម ជូនមន្ដ្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករ ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ចូលចិត្តជាទីបំផុត។
ស្ថិតនៅច្រាំងថ្មចោតនៃកំពូលភ្នំបូកគោ សណ្ឋាគារប្រវិត្តសាស្ដ្រមួយនេះ ផ្ដល់នូវទេសភាពដ៏ស្រស់ត្រកាល ដែលត្រូវបានជនជាតិបារាំងហៅថា ឆ្នេរសមុទ្របៃតង។ អាកាសធាតុនៅ លើកំពូល ភ្នំបូកគោមានចន្លោះពី១៧ ដល់២៤អង្សាសេ (៦២.៦ ដល់ ៧៥.២ អង្សាហ្វារិនហៃ) ពេញមួយឆ្នាំ។
ភ្នំបូកគោមិនត្រឹមតែ ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវប៉ុណ្ណោះទេ ហើយវាក៏ជារមណីយដ្ឋានសុខភាព ដែលព្យាបាលដោយធម្មជាតិ រួមមាន៖ ឥទ្ធិពលនៅលើសួត ការដកដង្ហើម សារធាតុចិញ្ចឹម ប្រព័ន្ធប្រសាទ ការស្ដារឡើងវិញនៃចលនាឈាម និងការបង្កើនកម្លាំង។
សណ្ឋាគារ ឡឺ បូកគោ ផាឡេស គឺជាអគារបួនជាន់ ដែលត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ ជាមួយនឹងវត្ដមានដ៏មានអានុភាព មានរានហាល និងជណ្ដើរថ្មើជើង បែបអ៊ីតាលី។ សព្វថ្ងៃនេះ សណ្ឋាគារនេះ ត្រូវបានជួសជុលឡើងវិញដោយ សណ្ឋាគារ និងរមណីយដ្ឋានសុខា៕