(ភ្នំពេញ)៖ រយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដណ្តើមតំណែងពីប្រទេសបារាំង ដែលធ្លាប់ជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ៣ឆ្នាំជាប់គ្នាផងដែរ ចាប់តាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៤ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៥មកដល់ឆ្នាំ២០១៧ ចិនបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេវិញម្តង ក្នុងចំណោមប្រទេសជាង៦០នៅលើពិភពលោក។
របាយការណ៍របស់ លោក ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករបានឲ្យដឹងថា នៅឆ្នាំ២០១២ បារាំងនាំចូលអង្ករពីកម្ពុជាជិត៥ម៉ឺនតោន, ឆ្នាំ២០១៣ នាំចូលជិត៦ម៉ឺនតោន និងឆ្នាំ២០១៤ នាំចូលជាង៧ម៉ឺនតោនច្រើនជាងបំផុត ក្នុងចំណោមប្រទេសជាច្រើនទៀត។ ប៉ុន្តែតំណែងនេះ ត្រូវបានទាញទម្លាក់ដោយចិន។ នៅឆ្នាំ២០១៥ ចិនទិញអង្ករពីកម្ពុជា ជាង១១ម៉ឺនតោន, ឆ្នាំ២០១៦ ជិត១៣ម៉ឺនតោន និងឆ្នាំ២០១៧ ទិញ២០ម៉ឺនតោន ច្រើនជាងគេ។ (មានតារាង)
លោក ហ៊ាន វណ្ណហន បានលើកឡើងថា «ចិនបានដណ្តើមយក ជាទិសដៅនៃការនាំចេញអង្ករកម្ពុជាច្រើនបំផុត លំដាប់ទី១ នារយៈពេល៣ឆ្នាំចុងក្រោយនេះ។ ការនាំចេញអង្ករកម្ពុជា ជារៀងរាល់ឆ្នាំ មានបរិមាណលើសពី៨០% នាំចេញទៅកាន់ទិសដៅធំៗទាំង១០ ដោយឡែកមានមិនដល់ ២០% ប៉ុណ្ណោះ ដែលនាំចេញទៅកាន់ទិសដៅដទៃទៀត (ជាង៥០ប្រទេសដទៃទៀត)»។
ឆ្នាំ២០១៦ រាជរដ្ឋាភិបាលចិន បានផ្តល់កូតាឲ្យកម្ពុជានាំចេញអង្ករ ទៅកាន់ប្រទេសចិនចំនួន១០ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែចំនួនកូតាបានកើនឡើងដល់២០ម៉ឺនតោន នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ប៉ាន សូរស័ក្តិ បានបញ្ជាក់ចិន ដំឡើងកូតានាំចេញអង្ករឲ្យដល់៣០ម៉ឺនតោន៕