(ម៉ាល់ឌីវ)៖ ប្រធានាធិបតីម៉ាល់ឌីវ លោក Abdulla Yameen នៅថ្ងៃចន្ទនេះ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Indian Today នៅយប់ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Abdulla Yameen ដែលបានដឹកនាំប្រទេសតាមនយោបាយកណ្ដាប់ដៃដែក ចាប់តាំងពីឆ្នាំ២០១៣មក កំពុងប្រឈមមុខនឹងសម្ពាធទាំងនៅក្នុងស្រុក និងពីសហរដ្ឋអាមេរិក រួមទាំងឥណ្ឌា ឱ្យដោះលែងអតីតប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed ឱ្យមានសេរីភាព បន្ទាប់ពីលោកត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ១៣ឆ្នាំ ក៏ដូចជាដោះលែង អ្នកនយោបាយ០៨នាក់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីរដ្ឋាភិបាលម៉ាឌីវ ការប្រកាសភាពអាសន្ននេះនឹងមានរយៈពេល១៥ថ្ងៃ៕