(សឹង្ហបូរី)៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) និងកម្មវិធីតាំងពិព័រណ៌លំហអាកាសនៅសឹង្ហបូរីប្រចាំឆ្នាំ២០១៨ (Singapore Airshow 2018) នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាន នយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិ បានចូលជួបប្រជុំទ្វេភាគីជាមួយបណ្ឌិត ង៉ អេង ហែន (Dr Ng Eng Hen) រដ្ឋមន្ត្រីក្រសួងការពារជាតិសឹង្ហបូរី ដែលបានប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារ រីតខាទិន (Ritz-Carlton Millenia Singapore)។
នៅក្នុងជំនួបទ្វេភាគីនោះ បណ្ឌិត (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបូរី បានសំដែងការស្វាគមន៍ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណប្រតិភូ ក្រសួងការពារជាតិកម្ពុជា មកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនៅសឹង្ហបូរី។
លោកបានលើកឡើងនូវប្រធានបទមួយចំនួនដែលត្រូវដែលលើកយកមកពិភាក្សាគ្នា ក្នុងកិច្ចប្រជុំអាហារពេលព្រឹករបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដូចជាបញ្ហាប្រឆាំងភេរវកម្ម ក្រមប្រតិបត្តិការ ស្តីពីការប៉ះពារគ្នាជាយកថាហេតុណាមួយនៅលើផ្ទៃសមុទ្រ និងកិច្ចសហប្រតិបត្តការលើវិស័យផ្នែកអាវុធគីមី អាវុធជីវសាស្រ្ត និងអាវុធបរមាណូផងដែរ ដើម្បីបង្កាអាវុធទាំងអស់នេះ។
ដោយឡែកប្រធានបទមួយទៀតដែលសំខាន់នឹងត្រូវលើកយកមកពិភាក្សាស្របពេលនោះ គឺទាក់ទងទៅនឹងលំហាត់ហ្វឹកហ្វឺនអាស៊ាន ចិន ដែលលំហាត់ហ្វឹកហ្វឺននេះរៀបចំឡើង ដើម្បីកសាង ទំនាក់ទំនងឲ្យបានល្អ រវាងយោធាអាស៊ាននិងយោធាចិន។ ក្នុងជំនួបនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតំលៃខ្ពស់ចំពោះដំណើរការរីកចំរើនទៅមុខរបស់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តការរវាងអាស៊ាន និងចិនផង។
សម្តេចពិជ័យសេនា បានបញ្ចាក់ថា៖ កម្ពុជាបានចូលក្នុងសន្ធិសញ្ញាអាវុធគីមី និងយកចិត្តទុកដាក់ដល់ការទប់ស្កាត់ អាវុធគីមីនុយក្លេអែរ ហើយតាមរយៈកិច្ចប្រជុំនេះសម្តេចសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អ និងការឯកភាពគ្នាខ្ពស់បន្ថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ អាស៊ានមានការរីកចំរើនក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយផែនការកិច្ចសហប្រតិបត្តិការនេះ នឹងជំរុញដល់ការអនុវត្តឲ្យបានកាន់តែប្រសើរឡើងថែមទៀត ផ្អែកតាមផែនការ៣ឆ្នាំម្តងរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM)៕