(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្មសាហាវយង់ឃ្នងដូចក្នុងរបបខ្មែរក្រហម យុវជនកម្ពុជាត្រូវតែសិក្សា និងស្វែងយល់ចងចាំប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួនឱ្យបានច្បាស់លាស់។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោក នេត្រ ភក្ត្រា ទទូចផ្ដែផ្ដាំយ៉ាងដូច្នេះ ក្នុងពេលលោកធ្វើបាឋកថាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូជាង ៣០០នាក់ មកពីខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងនោះលោកបានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ដែលចាំបាច់យុវជនទាំងអស់គ្នាត្រូវសិក្សាស្វែងយល់។
ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរូបនេះ ក៏បានជម្រាបជូនដល់សិស្សានុសិស្សទាំងអស់ អំពីប្រវត្តិនៃការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយនាំយកមនុស្សពីរជំពូក គឺអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតមកជំនុំជម្រះក្តី។
បើតាមលោកប្រធានស្តីទី ជនជាប់ចោទ៣រូប គឺ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជន ខៀវ សំផន អតីតប្រមុខរដ្ឋ និង ឌុច អតីតប្រធានគុកទួលស្លែង ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទចោទប្រឆាំងនឹងរូបគាត់។ ដោយឡែក សាលក្រមទី២ ក្នុងសំណុំរឿង០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន គ្រោងនឹងប្រកាសនៅចុងខែមិថុនា ឆ្នាំ២០១៨ ទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម។
លោក នេត្រ ភក្ត្រា បានបន្តថា របបខ្មែរក្រហមបានឡើងកាន់អំណាច នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ប្រជាជនកម្ពុជាចន្លោះពី ១.៧លានទៅ២.២លាននាក់ បានបាត់បង់ជីវិតដោយសារការបង្អត់អាហារ ការធ្វើទារុណកម្ម ការសម្លាប់ និងការបង្ខំឲ្យធ្វើការហួសកម្លាំង ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបនោះ។
លោកបានថ្លែងថា តុលាការខ្មែរក្រហមត្រូវបានបង្កើតឡើងក្នុងប្រទេស ដែលឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តឡើង និងបានផ្តល់ការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជា មិនមែនត្រឹមតែជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទេ ប៉ុន្តែក៏សម្រាប់ជនរងគ្រោះដែលបានរស់រានមានជីវិតផងដែរ។ មិនតែប៉ុណ្ណោះ វត្តមានរបស់សាលាក្តីខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសឱ្យយុវជនដែលកើតមិនទាន់របបខ្មែរក្រហម មានឱកាសក្នុងការសិក្សាស្វែងយល់ពីដំណើរការនីតិវិធីជំនុំជម្រះក្តី ព្រមទាំងសិក្សាពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យផងដែរ៕\