(ភ្នំស្រង់សក្ត័សិទ្ធ)៖ ក្រុមសកម្មជនប្រឆាំងងុបងុលនៅប្រទេសអូស្ត្រាលី បានបង្ហោះសេចក្តីជូនដំណឹងមួយថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ពួកគេរួមទាំង ទណ្ឌិត សម រង្ស៊ី និងលោកស្រី ជូឡុង សូមូរ៉ា នឹងរៀបចំធ្វើ «បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលប្រាក់ឧបត្ថម្ភគណបក្សសង្គ្រោះជាតិ»។
ឱខ្មែរខ្លះនៅក្រៅប្រទេសរួមទាំង សម រង្ស៊ី និងប្រពន្ធផងអើយ! ម្តេចក៏ដល់ថ្នាក់ហ្នឹង? ទង្វើបែបនេះ មិនត្រឹមជារឿងគួរឲ្យអស់សំណើចប៉ុណ្ណោះទេ តែការយកសាសនា ជាមធ្យោបាយប្រមូលលុយឲ្យ «ខ្មោចបក្សសង្គ្រោះជាតិ» បែបនេះ បើទោះបីចង់គេចវេសដោះសារថា មិនមែនជា «អំពើបោក» ប៉ុន្តែនេះគឺជា«អំពើបាប» ក្នុងផ្លូវសាសនា។
តើអ្នកណាជាតំណាងឲ្យ «ខ្មោចបក្សសង្គ្រោះជាតិ» ពិតប្រាកដ? សុំឆ្លើយឲ្យត្រង់ មុនយកសាសនាធ្វើជាមធ្យោបាយរៃអង្គាសលុយ៖ តើជា សម រង្ស៊ី ឬជាលោកស្រី ជូឡុង សូមួរ៉ា ឬជានរណា? ឬ សម រង្ស៊ី ក្លាយជា «អាបស៊ីគំរង់នៃខ្មោចបក្សសង្គ្រោះជាតិ»ទៅហើយ?
គេគួរប្រមូលលុយកសាងវត្តអារ៉ាម ភូមិឃុំ ជួយប្រជាជន ក៏ប៉ុន្តែនេះ ក្រុមដែលហៅថា «អំបូរអភិជនតែមានចរិតធូរថ្លៃ» បែរជាយក សាសនា ធ្វើជាមូលដ្ឋានរៃអង្គាស លុយដើម្បីចិញ្ចឹមនយោបាយបោកប្រាស់ទៅវិញ។
និយាយឲ្យពិតចំពោះមុខព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ៖ លុយបែបនេះ ទោះតិចក្តីច្រើនក្តី គឺមិនបានដល់ដៃអ្វីដែលហៅថា «ខ្មោចបក្សសង្គ្រោះជាតិ»នោះទេ។ បើចង់ឲ្យលុយនេះបានដល់ព្រលឹងខ្មោចបក្សសង្គ្រោះជាតិ គឺមានតែដុតឧទ្ទិសលុយដែលបាននេះ។ ប៉ុន្តែ ច្បាស់ណាស់ សម រង្ស៊ី នឹងមិនធ្វើបែបនេះទេ សូម្បីលុយជាង៧០ម៉ឺនដុល្លារអាមេរិកដែលប្រមូលរៃអង្គាសបានពីប្រជាជន ក្រោមលេសយកទៅធ្វើទូរទស្សន៍ព្រះអាទិត្យ គឺស៊ីដាច់បាត់ស្រមោលឈឹងរហូតមកដល់សព្វថ្ងៃ។ នេះជាអំពើឆបោកយ៉ាងជាក់ស្តែង និងដ៏ថោកទាបបំផុត។
ឱ! ទណ្ឌិត សេដ្ឋកិច្ច ផេះ! មួយជីវិតចេះត្រឹមរៃអង្គាសលុយចិញ្ចឹមក្រពះ រួមទាំងហ៊ានបន្លំយក «សាសនា» ធ្វើជាមធ្យោបាយដើម្បី «ស្មូមលុយ» ដោយគ្មានការខ្មាស់អៀន យកមកចិញ្ចឹមជីវិតបន្តមុខរបរនយោបាយនៅនាទីចុងក្រោយប៉ុណ្ណោះ។ បើលោក កឹម សុខា ដែលកំពុងនៅក្នុងគុកដឹងរឿងនេះ នឹងសើចចំអកចំពោះទង្វើសុំទានដោយការបោកប្រាស់នេះជាក់ជាមិនខាន ពីព្រោះនេះជាទង្វើខ្វះសតិ ជាទង្វើថោកទាបដែលគ្មានភាពខ្មាស់អៀន៕
ដោយ៖ សេនាជាតិ