(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាន សូនីតា ជាអ្នកតំណាងឲ្យផលិតផលសាមសុង ដែលនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨ នេះតទៅ។
លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កញ្ញា ឱក សុគន្ធកញ្ញា ជាអ្នកតំណាងទូរស័ព្ទដៃសាមសុង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក្នុងឆ្នាំថ្មីនេះកញ្ញានៅតែរក្សាតំណែងរបស់ខ្លួន ព្រោះតារាចម្រៀងដ៏ពេញនិយមនៅផលិតកម្មរស្មីហង្សមាសមួយនេះ បានចូលរួមកម្មវិធី និងយុទ្ធនាការជាច្រើនរបស់ក្រុមហ៊ុនសាមសុង ព្រមទាំងបានបង្កើតស្នាដៃជាច្រើនជូនដល់សាមសុងទៀតផង»។
លោកបន្ដថា «ចំណែកឯ កញ្ញា មាន សូនីតា ត្រូវបានគេស្គាល់ថាតារាសម្តែងស្រីដ៏ល្បីល្បាញម្នាក់ ដែលទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ គេសង្កេតឃើញថាកញ្ញា ក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងមុខជំនួញរបស់ខ្លួនផងដែរ ដោយប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយថា កញ្ញា មាន សូនីតា ជា «រាជនីក្រមា»កន្លងមកនេះ»។
តារាស្រីទាំងពីរដួងនេះ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងរំភើប និងសប្បាយរីករាយ ដែលក្រុមហ៊ុនសាមសុង បានជ្រើសរើសជាឯកអគ្គរាជទូតប្រចាំផលិតផលសាមសុងក្នុងឆ្នាំ ២០១៨។
កញ្ញាឱក សុគន្ធកញ្ញា និយាយថា៖ «ខ្ញុំពិតជារំភើប និងស្ទើរតែមិនជឿ ដែលក្រុមហ៊ុនសាមសុងជឿជាក់ លើសមត្ថភាពរបស់នាងខ្ញុំ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានផ្តល់ភាពកក់ក្តៅដល់រូបនាងខ្ញុំ ដូចជាក្រុមគ្រួសារមួយអ៊ីចឹង។ ខ្ញុំសូមអរគុណសាមសុង ដែលតែងតែផ្តល់ឱកាសជាច្រើន ដល់រូបនាងខ្ញុំដើម្បីចូលរួមក្នុងសង្គមកម្ពុជា»។
កញ្ញា មាន សូនីតា និយាយថា៖ «នេះជាលើកដំបូង ហើយក៏ជាដំណឹងដ៏ពិសេសមួយ ដែលក្រុមហ៊ុនសាមសុង បានជ្រើសរើសរូបនាងខ្ញុំ ជាតំណាងឲ្យផលិតផលសាមសុងជាមួយកញ្ញា ឱក សុគន្ធកញ្ញា។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមជាមួយយុទ្ធនាការ ផ្សេងៗរបស់សាមសុង។ ខ្ញុំតែងតែគាំទ្រផលិតផលសាមសុងព្រោះក្រុមហ៊ុនសាមសុង តែងតែនាំមកនូវផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ហើយខ្ញុំសង្ឃឹមថាហ្វេនរបស់ខ្ញុំទាំងអស់នឹងគាំទ្រ ព្រមទាំងតាមដានសកម្មភាពថ្មីៗរបស់ខ្ញុំផងដែរ»៕