(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ កំណាត់ថ្នល់ទទឹងផ្លូវជាតិលេខ១១ ប្រវែងជាង១១១.៣ គីឡូម៉ែត្រ ក្រោមថវិកាជិត ១៧លានដុល្លារ នឹងចាប់ផ្ដើមសាងសង់នៅខែមេសាខាងមុខនេះហើយ។
លោកទេសរដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាលើកម្រិត និងថែមទាំផ្លូវជាតិលេខ៣ និងលេខ៧ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា គម្រោងគ្រប់គ្រងសម្បត្ដិផ្លូវថ្នល់ទី២ ជាមួយក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នំា២០១៨នេះ នាទីស្ដីការក្រសួង។
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងថា «កំណាត់ផ្លូវទាំងពីរនេះ គឺលើកកម្រិតទៅជាប្រភេទផ្លូវកម្រាលកៅស៊ូ AC និងប្រឡាយលើផ្លូវជាតិលេខ៣ ប្រវែង ៥៤.៣គីឡូម៉ែត្រថវិកាសរុប ៨,១៧០,៥៥៩.៥៩ដុល្លារ និងកម្រាល AC និងប្រឡាយ លើផ្លូវជាតិលេខ៧ ប្រវែង៥៧ គីឡូម៉ែត្រ ថវិកាសរុប ៨,៧៩៨,៨៦៣.០០ដុល្លារ ដែលសរុប ១១១.៣ គីឡូម៉ែត្រ
ក្រោមថវិកាជិត ១៧លានដុល្លារ ដោយស្ថាបនាក្រាលកៅស៊ូ ACនេះ ប្រើរយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុប ៥៤ខែ ដែលនឹងចាប់ផ្ដើមការដ្ឋានពីខែមេសា ឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២»។
ទេសរដ្ឋមន្ដ្រីបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៧នេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីសម្បទានពីធនាគារពិភពលោក ៦០លានដុល្លារអាមេរិកលើគម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជាតិទាំង២នេះ ដែលចែកចេញជាបួនកញ្ចប់ការដ្ឋាន៖
*កញ្ចប់ទី១-លើកកម្រិតទៅជាប្រភេទផ្លូវកម្រាល AC និងប្រឡាយ លើផ្លូវជាតិលេខ៣ ប្រវែង៥៤.៣គីឡូម៉ែត្រ ថវិកាសរុប ៨,១៧០,៥៥៩.៥៩ដុល្លារ
*កញ្ចប់ទី២-លើកកម្រិតទៅជាប្រភេទផ្លូវកម្រាល AC និងប្រឡាយ លើផ្លូវជាតិលេខ៧ ប្រវែង៥០ គីឡូម៉ែត្រ ថវិកាសរុប ១០,៧០១,២៥៥.៥៨ដុល្លារ
*កញ្ចប់ទី៣-លើកកម្រិតទៅជាប្រភេទផ្លូវកម្រាល AC និងប្រឡាយ លើផ្លូវជាតិលេខ៧ ប្រវែង៥៧ គីឡូម៉ែត្រ ថវិកាសរុប ៨,៧៩៨,៨៦៣.០០ដុល្លារ
*កញ្ចប់ទី៤-លើកកម្រិតទៅជាប្រភេទផ្លូវកម្រាល AC និងប្រឡាយ លើផ្លូវជាតិលេខ៧ ប្រវែង ៥៧ គីឡូម៉ែត្រ ថវិកាសរុប ៩,៣៨៨,៧៧០.៣៩ដុល្លារ
កញ្ចប់ការដ្ឋានទី ២និងទី៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យារួចកន្លងមកហើយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ជាមួយក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co., Ltd និងកញ្ចប់ការដ្ឋានទី១ និងទី៣ ជាមួយក្រុមហ៊ុនSichuan Road & Bridge (Group) Corporation Ltd ដែលបានចុះហត្ថលេខាលើកិច្ចសន្យានៅថ្ងៃនេះ ៕