(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់ អង្គភាពពាក់ព័ន្ធនានា ឱ្យបង្កើនសកម្មភាព ក្នុងការប្រមូលព័ត៌មានស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសទប់ស្កាត់ ឲ្យបានជាមុន កុំឲ្យឧក្រិដ្ឋជន មានលទ្ធភាពចរាចរគ្រឿងញៀនចូល និងឆ្លងកាត់ ប្រទេសកម្ពុជា។
សម្តេចក្រឡាហោម បានថ្លែងបែបនេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន និងកិច្ចប្រជុំបូកសរុប នៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសុខច្បាប់លើកទី២ ឆ្នាំ២០១៧ នៅសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីមានលទ្ធភាព បង្ក្រាបឲ្យចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈអង្គការចាត់តាំងរបស់ពួកនេះឲ្យដល់ឬសគល់។ ទន្ទឹមនឹងនេះ ត្រូវផ្តោតការយកចិត្តទុកដាក់ ឲ្យបានខ្លាំងថែមទៀត ក្នុងការទប់ស្កាត់ បទល្មើសគ្រឿងញៀនតាមព្រំដែនកម្ពុជា-ឡាវ ដែលជាភូមិសាស្ត្រ របៀងគ្រឿងញៀនពីតំបន់ត្រីកោណមាស ដើម្បីធ្វើយ៉ាងណាបង្កា និងបង្ក្រាប ឲ្យបាននូវការលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ចូលមកប្ររទេសយើង»។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា តាមស្មារតីដែលបានឯកភាពជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម កម្លាំងនគរបាលបង្ក្រាប គ្រឿងញៀន នៃប្រទេសទាំងបី (កម្ពុជា វៀតណាម ឡាវ) នឹងបង្កើតឲ្យមានវេទិកាជួបជុំគ្នាផ្លាស់ប្តូរវេន ដើម្បីរៀបចំកិច្ចសហការបង្ក្រាបគ្រឿងញៀន ព្រមដៃគ្នា និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ស្នើឲ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ សហការឲ្យបានល្អជាមួយព្រះរាជអាជ្ញា និងស្ថាប័នតុលាការ ដើម្បីបន្តអនុវត្តឲ្យមានប្រសិទ្ធភាព និងតម្លាភាពក្នុងការពង្រីកនីតិវិធីកសាងសំណុំ និងការរកវត្ថុតាមដាក់បន្ទុកស្ថានទម្ងន់ទោស ឲ្យបានស្របតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សម្តេចក្រឡាហោម ក៏បានរំលឹកឡើងវិញ និងធ្វើការណែនាំឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ឲ្យបានហ្មត់ចត់ ដើម្បីធានាថា មន្ត្រីអនុវត្តច្បាប់របស់ខ្លួនពិតជាគ្មានពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពឧក្រិដ្ឋទាំងនេះឡើយ។ ដោយសម្តេចបានព្រមានថា ក្នុងករណីរកឃើញថា មានការជាប់ពាក់ព័ន្ធ ឬធ្វើជាខ្នងបង្អែកឲ្យក្រុមឧក្រិដ្ឋជន ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
សម្តេចក៏បានជំរុញផងដែរ ដល់ក្រសួងយុត្តិធម៌ ឱ្យបន្តខិតខំជំរុញស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធី នៃការកាត់ក្តី បទល្មើសគ្រឿងញៀន នីតិវិធីនៃការអនុវត្តសាលក្រមជាស្ថាពរ និងការប្រមូលទ្រព្យសម្បត្តិ ដើម្បីប្រគល់ជូនគណៈកម្មការតាមដាន ប្រមូល គ្រប់គ្រង និងចាត់ចែង ទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន អាចចាត់ចែងបានទាន់ពេលវេលា ដើម្បីឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានលទ្ធភាពប្រើប្រាស់ ស្របតាមគោលការណ៍ច្បាប់។ ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ ត្រូវពន្លឿនដំណើរការវិសោធនកម្មច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ឲ្យបានឆាប់រហ័ស ដើម្បីអាចឲ្យយើងមានច្បាប់ប្រើប្រាស់សមស្រប តាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨១៥២ករណី ឃាត់មនុស្ស ១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង ១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕