(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យជនទាំងឡាយ លុបបំបាត់នូវវប្បធម៌អន្តរាគមន៍ រាល់បទល្មើសនានា ដែលនាំឲ្យការអនុវត្តច្បាប់ នៅក្នុងសង្គមមិនមានប្រសិទ្ធភាព និងតម្លាភាព។
ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៨ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេច ស ខេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «វប្បធម៌នេះ វានឹងនាំឲ្យប៉ះពាល់ដល់ការពង្រឹងយុត្តិធម៌ នៅក្នុងសង្គម និងការឃុបឃិតគ្នាមិនច្បាស់លាស់ មិនតម្លាភាព ដូច្នេះវាប៉ះពាល់ដល់ការពង្រឹងប្រព័ន្ធយុត្តិធម៌របស់យើង ចឹងហើយសុំឲ្យលុបបំបាត់ទៅ ស្អីក៏ដោយមិនថាតែគ្រឿងញៀន និងទេ ឲ្យតែឃើញថាខុស គឺយើងនាំគ្នាអនុវត្តច្បាប់ អាហ្នឹងបានភូមិហ្នឹងមានយុត្តិធម៌»។
ជាមួយនឹងការជំរុញឱ្យលុបបំបាត់វប្បធម៌អន្តរាគមន៍ សម្តេចក្រឡាហោម បានជំរុញដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នរដ្ឋ ឯកជនទាំងអស់ បន្តដឹកនាំការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្ម បន្ថែមទៀត ដើម្បីចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន។
សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីមានលទ្ធភាព បង្ក្រាបឲ្យចំមេខ្លោង និងកាត់ផ្តាច់ខ្សែរយៈអង្គការចាត់តាំងរបស់ពួកនេះឲ្យដល់ឬសគល់។ ទន្ទឹមនឹងនេះ ត្រូវផ្តោតការយកចិត្តទុកដាក់ ឲ្យបានខ្លាំងថែមទៀត ក្នុងការទប់ស្កាត់ បទល្មើស គ្រឿងញៀនតាមព្រំដែនកម្ពុជា-ឡាវ ដែលជាភូមិសាស្ត្រ របៀងគ្រឿងញៀន ពីតំបន់ត្រីកោណមាស ដើម្បីធ្វើយ៉ាងណាបង្ការ និងបង្ក្រាប ឲ្យបាននូវការលួចលាក់ចរាចរគ្រឿងញៀនឆ្លងកាត់ព្រំដែន ចូលមកប្ររទេសយើង»៕